អ៊ីចឹង..បានហៅថាស្រឡាញ់គ្នាស្លា.ប់.រ.ស់..! ក្រុមចោរឆក់៣នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការជាបន្តបន្ទាប់ ក្រោយចោរម្នាក់រាយការណ៍ប្រាប់ទីតាំងបក្ខពួក
រាចធានីភ្នំពេញ៖ ក្រុមចោរឆក់ដែលបានធ្វើសកម្មភាពនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយត្រូវបានកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តមួយថតបាន ពេលនេះពួកគេត្រូវបានមន្ត្រីនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ…។ តាមរបាយការណ៍របស់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមចោរឆក់មានគ្នាចំនួន៣នាក់ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១ៈ០០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ បន្ទាប់ពីសាកសួររួច សមត្ថកិច្ចទទួលបានព័ត៌មានពីបក្ខពួក២នាក់ទៀត ដែលកំពុងគេចខ្លួននៅក្រុងប៉ោយប៉ែត។ ក្រោយមកនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង២នាក់ មានឈ្មោះ ងើយ ចាន់ស៊ីថេត ភេទប្រុស អាយុ១៨ឆ្នាំ ម្នាក់ទៀតមានឈ្មោះ ថាច់ សុបញ្ញ៉ា ភេទប្រុស អាយុ១៩ឆ្នាំ។ សូមជម្រាបថា ក្រុមចោរឆក់នេះ កាលពីវេលាម៉ោង១៦ៈ០០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ បានឆក់ទូរសព្ទដៃពីស្ត្រីម្នាក់ដែលកំពុងជិះកង់បី នៅផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ សម្រួលដោយ ទៀង បុណ្ណរី