ពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាជាង១២០០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិលើចំណែកឯកជន

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង១២០០គ្រួសារ ទទួលបានការដូរដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន នោះគឺការផ្ដល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនរបស់ពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឱ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង…។  ក្នុងពិធី «ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង៨ អគារ» ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ត្រឹមតែរយៈពេល១០ថ្ងៃ ប៉ុណ្ណោះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារនៃលិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។  ឯកឧត្តម ឃួង ស្រេង បន្តថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ «សន្តិសហវិជ្ជមាន» និងជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ «ឈ្នះឈ្នះ» របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង១២០០គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន១៣៩២បន្ទប់ ក្នុងអគារទាំង៨នេះ ថែមទៀតផង។  ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលបណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង១៣៩២បន្ទប់នេះ គឺនៅសល់៤៦បន្ទប់ ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានី ដោយមន្ត្រីរបស់យើងនឹងនៅរង់ចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ… ៕   សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង