មកដឹងមូលហេតុដែលមន្ត្រីពន្ធដារខេត្តស្វាយរៀង ចុះផាកពិន័យគោយន្តកែច្នៃដល់កណ្តាលស្រែ
ខេត្តស្វាយរៀង៖ មន្ត្រីពន្ធដាខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ច ដែលបានចុះអនុវត្តច្បាប់ចាប់គោយន្តកែច្នៃ ដឹកដីនៅកណ្តាលវាលស្រែ ដើម្បីផាកពិន័យចំនួន ២០ម៉ឺនរៀល ក្នុងមួយគោយន្ត ត្រូវបានពលរដ្ឋបង្ហោះតាមបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា គោយន្តកែច្នៃរបស់ពួកគាត់ គឺជាគោយន្តដែលបំពាក់ដោយម៉ាស៊ីន(ម៉ាស៊ីនបូមទឹក) មិនមែនជាម៉ាស៊ីនរថយន្តនោះទេ។ ពលរដ្ឋ ស្នើដល់មន្ត្រីជំនាញពិនិត្យ និងពិចារណាចំពោះការផាកពិន័យទៅលើគោយន្តកែច្នៃរបស់ពួកគាត់ ដែលប្រកបរបរដឹកដីគ្រាន់តែចិញ្ចឹមជីវិត និងបង់ធនាគារប៉ុណ្ណោះ។ ជុំវិញករណីនេះ មន្ត្រីពន្ធដាខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមប្រកាសលេខ ៥៣១ សហវ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឧបសម្ព័ន្ធ១ ចំណុច ខ១ ចែងថា រថយន្តដែលបំប្លែងមកពីគោយន្ត ត្រូវបង់ពន្ធចំនួន២០០,០០០រៀល សម្រាប់១ឆ្នាំ ក្នុងមួយគ្រឿង ។ មន្ត្រីពន្ធដាខេត្តបានបន្តថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារចុះពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង បានចុះពិនិត្យតាមដងផ្លូវនៅជិតទីតាំងដែលយានយន្តកែច្នៃនោះ កំពុងចរាចរណ៍ និងប្រកបអាជីវកម្ម ហើយបានពិនិត្យឃើញថា មិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៅឡើយ ស្របតាមប្រកាសជាធរមាន ទើបកម្លាំងចម្រុះចុះដល់ទីតាំង ដើម្បីណែនាំនិងអញ្ជើញម្ចាស់គោយន្តកែច្នៃទាំងនោះមកបង់ពន្ធនៅតាមគោលដៅដែលបានកំណត់។ មន្ត្រីដដែលបានបញ្ជាក់ថា គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី មិនមែនជាយានយន្តកសិកម្មសុទ្ធសាធនោះទេ។ ទាក់ទិននឹងបញ្ហានេះ មហាជនបានលើឡើងថា ក្នុងករណីនេះបើពិនិត្យឃើញថា មន្ត្រីពន្ធដារចុះអនុវត្តផ្ទាល់នេះ បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ សូមឱ្យអគ្គនាយកដ្ឋានពន្ធដារចាត់វិធានការលើករណីនេះ៕ សម្រួលដោយ ទៀង បុណ្ណរី