ក្រសួងសុខាភិបាល ប្រារព្ធទិវា ជាតិសុខភាពមាតា ទារក និងកុមារ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រារព្ធទិវា ជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាបាល និងអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំប្រទេសកម្ពុជា លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត John M. Eyres តំណាងអង្គការ USAID ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ទោះបីជាប្រទេសយើងមានការរំខានញាំញីយ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០មែនពិត បច្ចុប្បន្ននេះប្រជាជនទាំងអស់រស់នៅធម្មតាតាមបែបគន្លងថ្មី ដោយសារតែប្រទេសជាតិ មានសន្តិភាព និងស្ថេរភាពនយោបាយ ជាពិសេសប្រទេសកម្ពុជាយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងអត្រាគ្របដណ្តប់ខ្ពស់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម រដ្ឋមន្រី្ត សូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ-ចិត្ត មន្ត្រីសុខាភិបាល អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មដើម្បីសម្រេចបានលទ្ធផលដ៏ល្អវិសេសវិសាលមួយនេះ ជាពិសេសសូមថ្លែងអំណរគុណជាពន្លឹកដល់បុគ្គលិក សុខាភិបាល និងឆ្មបរបស់យើងទាំងអស់ ទាំងនៅទីនេះក្ដី ទាំងកំពុងតាមដានកម្មវិធី ZOOMក្តី ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសការផ្តល់សេវាសុខភាពបន្តពូជ សុខភាពផ្លូវភេទ សុខភាពមាតា និងទារក។ ជាពិសេសក្នុងសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដែលបានអានដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា បានឱ្យឃើញពីវឌ្ឍនភាព និងស្នាដៃរបស់ក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីកម្ពុជាអាចសម្រេច បានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០៕ សម្រួលដោយ ទៀង បុណ្ណរី