ឧទ្យានុរក្សជាស្ត្រី៤២នាក់ លះបង់សេចក្តីសុខផ្ទាល់ខ្លួន ក្នុងបុព្វហេតុអភិរក្សព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា
TNM(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ ក្នុងចំណោមមន្ត្រីឧទ្យានុរក្សជាង ១,២០០នាក់ នៅទូទាំងប្រទេស កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង២០ខេត្ត ខណៈពួកគាត់បានលះបង់សេចក្តីសុខជាមួយគ្រួសារ ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា ដើម្បីដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។
មន្ត្រីឧទ្យានុរក្សស្ត្រី ក្នុងតួនាទីការពារ និងថែរក្សាមរតកធម្មជាតិកម្ពុជា និយាយដល់មន្ត្រីឧទ្យានុរក្ស គេតែងសំដៅទៅដល់បុរសភាគច្រើន ព្រោះការងារបំពេញភារកិច្ចឈរជើងល្បាតព្រៃ គឺមិនងាយស្រួលនោះទេ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហោះនៅលើទំព័រ Facebook ផ្លូវការថា «នៅកម្ពុជា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់ នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង២០ ខេត្តជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស»។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីឧទ្យានុរក្សរបស់យើងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន រាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយក៏មាន ហើយជួនកាលប្រឈមនឹងជនល្មើសរហូតដល់មានការតតាំងដាក់គ្នាជាដើម»។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា ទាំងនេះ គឺជាវីរៈភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន។ អ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើនៅពេលនេះ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្សដែលត្រូវបំពេញជាតួនាទីទៅតាមឯកសណ្ឋានប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថេរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូណ៌បែបសម្រាប់កូនចៅជំនាន់ក្រោយអាស្រ័យផលដោយមិនចេះរីងស្ងួតរាប់ជំនាន់តទៅមុខទៀត។
ក្រសួងបរិស្ថាន ពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជា មានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕