អាជ្ញាធរកម្ពុជាទទួលបានសំណើបីទៀត សុំឱ្យជួយសង្គ្រោះជនបរទេសបីនាក់
ភ្នំពេញ៖ គិតចាប់ពីម៉ោង៣រសៀល នាថ្ងៃទី០៨ ដល់វេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន ០៣នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ គិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរបានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៦៣សំណើ និងបិទសំណុំរឿង ២៤០សំណើ (រកឃើញមនុស្ស ១ ០៧៨នាក់, ឃាត់ខ្លួនជនសង្ស័យ ១២២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣០ករណី។ កន្លងទៅ សម្ដេចក្រឡាហោម ស ខេង ធ្លាប់មានប្រសាសន៍ថា លេចឮព័ត៌មានថានៅកម្ពុជាជាកន្លែងធ្វើទារុណកម្ម ជាឋានសួគ៌នៃពួកឧក្រិដ្ឋជនជួញដូរមនុស្ស រំលោភ ធ្វើទារុណកម្ម ពិសេស គឺពាក់ព័ន្ធនឹងល្បែងអនឡាញ ហើយសម្ដេចទទួលបណ្ដឹងជិត ៦០០ ពីប្រជាពលរដ្ឋតាមរយៈគណនី Facebook របស់សម្ដេចផ្ទាល់ និងផេកអគ្គស្នងការ។ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចបើកចំហគណនីហ្វេសប៊ុករបស់សម្តេច ទទួលការរាយការណ៍ពីសំណាក់ជនរងគ្រោះ។ អ្វីដែលសម្តេចបានទទួលព័ត៌មាននោះ គឺថាមានជនរងគ្រោះមួយចំនួន ត្រូវបានគេបង្ខាំងនៅកន្លែងធ្វើការដោយឱ្យនៅតែក្នុងបន្ទប់, ខ្លះទៀតត្រូវបានគេវាយដំ, ខ្លះត្រូវបានបង្ខំឱ្យធ្វើការលើសម៉ោង, ខណៈមួយចំនួនទៀត ត្រូវគេឆបោកតាមរូបភាពកិច្ចសន្យាភូតកុហកថានឹងផ្តល់ប្រាក់ខែខ្ពស់ជាដើម ខណៈដែលហត្ថពលករបរទេសចូលមកធ្វើការនៅប្រទេសកម្ពុជា ប្រមាណ ៨០ភាគរយ បានចូលមកដោយខុសច្បាប់។ កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលអាមេរិកបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ជាប្រទេសគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ប៉ុន្តែសម្ដេចក្រឡាហោម ស ខេង បានឆ្លើយតបថា កម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយ ដើម្បីដោះស្រាយបញ្ហានេះ។ គិតត្រឹមថ្ងៃ២៧កញ្ញា កន្លងទៅ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានរកឃើញការជួញដូរមនុស្ស៣៦៨ករណី ក្នុងនោះខេត្តព្រះសីហនុ មានច្រើនជាងគេ កើតឡើងចំនួន២៤៧ករណី ពាក់ព័ន្ធមនុស្ស៥៨៦នាក់ ភាគច្រើនក្នុងវិស័យកាស៊ីណូ៕ សម្រួលដោយ ទៀង បុណញណរី