ប្រើពេល ១ ឆ្នាំទៀត ទើបដឹងលទ្ធផលពីការចុះបញ្ជីម៉ាកក្ដាមថ្មខេត្តកោះកុង
នៅរយៈ ១ ឆ្នាំ ខាងមុខទៀត ទើបខេត្តកោះកុង អាចដឹងពីលទ្ធផលលើគម្រោងសិក្សាចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ក្រោយមានអ្នកជំនាញការផ្នែកកម្មសិទ្ធិបញ្ញាអន្តរជាតិប្រមូលព័ត៌មាន និងវាយតម្លៃផលិតផលក្ដាមថ្ម។លោក សាលីម ហ្វារីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ១១ ខែកុម្ភៈ នេះថា ក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី ៨ ខែកុម្ភៈ កន្លងទៅ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពីទស្សនទាន អត្ថប្រយោជន៍ និងនីតិវិធី នៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្ដាមថ្មកោះកុង។ លោក ហ្វារីត បន្ថែមទៀតថា ទោះយ៉ាងណា គេមិនទាន់អាចផ្ដល់ចម្លើយបានភ្លាមៗទេ អំពីការសម្រេចថាត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រក្តាមថ្មខេត្តកោះកុង ដោយអាចប្រើប្រាស់ពេលវេលា ១ ឆ្នាំ ទៅ ២ ឆ្នាំទៀត ខណៈក្រុមការងារជំនាញកំពុងប្រមូលទិន្នន័យពីមន្ត្រីជលផល អ្នកនេសាទ និងឈ្មួញកណ្ដាលទិញលក់បន្តទៅកាន់រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ។ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង សង្កត់ធ្ងន់ដែរថា ក្រុមការងារពាក់ព័ន្ធនឹងត្រូវបើកកិច្ចប្រជុំពិភាក្សារួមគ្នាជាច្រើនលើកបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រអំពីក្តាមថ្មខេត្តកោះកុង ចៀសវាងមិនការក្លែងបន្លំគុណភាព និងការពារកម្មសិទ្ធិបញ្ញាស្របច្បាប់ពេញមួយជីវិត។ លោក Peter Damary ជំនាញការអន្តរជាតិ នៃអង្គការ WIPO បានចុះពិនិត្យ និងស្រង់ព័ត៌មានមួយចំនួនពីអ្នកលក់ក្តាមថ្មនៅតំបន់អេកូទេសចរណ៍ធម្មជាតិព្រៃកោងកាងពាមក្រសោប ជាគោលដៅតំណាងឲ្យខេត្ត ដោយលោកមិនទាន់អាចផ្តល់លទ្ធផលបានភ្លាមៗនោះទេ ពីការងារមួយនេះ ពោលរង់ចាំទទួលបានព័ត៌មានរួចរាល់ជាមុនសិន។ នកជំនាញអន្តរជាតិម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ពិភពលោករូបនេះ អះអាងថា នៅពេលក្តាមថ្មខេត្តកោះកុង ត្រូវបានកំណត់ចុះបញ្ជីម៉ាកទទួលស្គាល់ដោយអន្តរជាតិ ក្រុមម្ចាស់ផលិតផលកម្មសិទ្ធិបញ្ញា នឹងទទួលបានប្រយោជន៍ជាច្រើនស្របច្បាប់ និងប្រាក់ចំណូលខ្ពស់ពីការលក់ដូរក្តាមថ្មទាំងនេះនៅលើទីផ្សារ។ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានបង្ហាញថា ខេត្តកោះកុង ជាខេត្តដែលមានផលិតផលសក្ដានុពលផ្នែកជលផល និងកសិកម្មជាច្រើន ដែលក្រសួងពាណិជ្ជកម្មបានកំណត់ រួមមាន ៖ បង្គាក្រៀមកោះកុង ខ្យងចំពុះទា ស្រាចេក និងទុរេនថ្មបាំង និងខ្លឹមចន្ទន៍ផងដែរ។ ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដើម្បីចុះសិក្សាស្រាវជ្រាវ និងរៀបចំចុះបញ្ជី “សំបុក និងទឹកមាត់ត្រចៀកកាំតំបន់ឆ្នេរសមុទ្រ” ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅចុងខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលរួមមាន ៖ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង៕ សម្រួលដោយ ទៀង បុណ្ណរី