ឯកអគ្គរដ្ឋទូតហ្វីលីពីនសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជានឹងវិលដូចមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ
TNM(ភ្នំពេញ) ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចំានៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។
លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះ វិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកជំទាវ Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានបានសម្តែងនូវការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានានៅក្នុងនោះការចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈ ជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា រដ្ឋសភាកម្ពុជានិងហ្វីលីពីន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន ជាពិសេសលើវិស័យការទូតសភានៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ជាអាទិ៍ កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។
សភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ហ្វីលីពីន ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ជាចុងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕