ក្លែងខ្លួននិងប្រើឯកសណ្ឋានប៉េអឹម ពេលនេះត្រូវបានចាប់ខ្លួននៅខេត្តតាកែវ
តាកែវ : មួយរយៈចុងក្រោយមកនេះខេត្តតាកែវ ហាក់កើតរឿងជាបន្តបន្ទាប់រហូតមានការរិះគន់មេប៉ូលិស មេប៉េអឹម ថាសកម្មភាពការងារមិនសូវយកចិត្តទុកដាក់ទៅលើគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែលរដ្ឋាភិបាល ដាក់ចេញ ។ ក្រោយរិះគន់សមត្ថកិច្ច អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ជុំវិញបញ្ហាសន្តិសុខសង្គម និងសុខសុវត្ថិភាពរបស់ប្រជាជន ។ តាមសេចក្ដីរាយការណ៍ ក្រោយពីមានយុវជនមួយក្រុមដែលជាសិស្សសាលាបានកាប់ប្រហារទៅលើជនរងគ្រោះហើយនោះ កម្លាំងប៉ូលិសបានចាប់ជនសង្ស័យនិងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ។ បន្ទាប់មកទៀតក៍មានសេចក្ដីរាយការណ៍ថ្មីមួយទៀត ពោលកាលពីម៉ោង ១២និង៥០ នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តតាកែវ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ យក់ សុជាតិ ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ គ្រូបង្ហាត់ នៅក្នុងសមាគម ជួយជនរងគ្រោះ ដោយសារ គ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅចំណុច ភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែង ឯកសណ្ឋាន កងរាជអាវុធហត្ថ ។ រហូតដល់វេលាម៉ោង ១៥និង០០ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត បានបន្តចុះនៅចំណុចសមាគម ជួយជនរងគ្រោះ ដោយសារគ្រឿងញៀន ស្ថិតនៅ ភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ និងបានធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន ៤នាក់ បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។ ជនសង្ស័យទាំង ០៥នាក់ សមត្ថកិច្ចប្រាប់ថា ១-ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ សន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ២-ឈ្មោះ អឿន អាន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅ ភូមិថ្មស ឃុំលំពង់ ស្រុកបាទី។ ៣-ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ៤-ឈ្មោះ ទេព មុនី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ សន្តិសុខ រស់នៅ ភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង ។ ៥-ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ ប្រធានសមាគម ជួយជនរងគ្រោះ ដោយសារគ្រឿងញៀន រស់នៅ ភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។ បើតាមមន្រ្តីអាវុធហត្ថខេត្តតាកែវ ពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ៕ សម្រួលដោយ ទៀង បុណ្ណរី