លោក ឡាំ ហេងហួត ជំរុញឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ ពង្រឹងសមត្ថភាពបន្ថែម

ពោធិ៍សាត់៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គ.ជ.គ.ម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅអនុវត្តឆ្នាំ២០២៣ របស់ខេត្តពោធិ៍សាត់។  កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត។  លោក ខូយ រីដា បានបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅ ខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា៖ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៣,៧៧៥គ្រួសារ ដំណាំស្រូវប៉ះពាល់ ១៩,៨៦៥ហិកតា (ខូចខាតចំនួន ៩,៣២១ហិកតា) ប៉ះពាល់ដំណាំសរុបចំនួន ៤,៥៥២ហិកតា បាក់ច្រាំងស្ទឹងធ្ងន់ធ្ងរ ចំនួន១៣កន្លែង និងខ្យល់កន្ត្រាក់កើតឡើង ១៧លើក បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ១៥ខ្នង។   ក្នុងឱកាសនោះដែរ លោក ឡាំ ហេងហួត បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសកម្មសម្រេចបានជោគជ័យ ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ក្នុងឆ្នាំ២០២២ ដោយសហការយ៉ាងល្អជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។  បន្ថែមពីនោះ លោក ឡាំ ហេងហួត បានលើកឡើងពីបទពិសោធន៍ល្អៗនៃការត្រៀមរៀបចំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកន្លងមក ប៉ុន្តែនៅតែមានចំណុចខ្វះខាតមួយចំនួន ដូចនេះហើយលោកបានដាក់ចេញនៅគោលការណ៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងនោះ មានដូចជា៖   

១. ជំរុញការរៀបចំធ្វើបច្ចុប្បន្នភាពសមាសភាព និងរចនាសម្ព័ន្ធគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់, ២. ធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស្ស៊ឹម និងប្រព័ន្ធផ្ដល់ដំណឹងជាមុន ១២៩៤ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់,
៣. ជំរុញឱ្យមានការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ប្រចាំឆ្នាំឱ្យបានរួចរាល់ត្រឹមខែឧសភា រៀងរាល់ឆ្នាំ,
៤. ពិនិត្យ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារដែលមានចែងក្នុងសៀវភៅផែនការត្រៀមបម្រុងថ្នាក់ជាតិ និងថ្នាក់ខេត្ត,
៥.ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវរៀបចំនូវទីទួលសុវត្ថិភាពឱ្យបានសមស្រប ដើម្បីត្រៀមក្នុងការជម្លៀសប្រជាជនរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយជាយថាហេតុកើតឡើង,
៦.ស្នើឱ្យមានការិយាល័យទទួលបន្ទុកការងារគ្រប់គ្រងផគ្រោះមហន្តរាយ ដែលមានមន្រ្តីទទួលខុសត្រូវច្បាស់លាស់លើការងារប្រតិបត្តិទូទៅ និងគ្រប់គ្រងព័ត៌មាន ស្ថិតនៅក្រោមលេខាធិការដ្ឋានអចិន្រ្តៃយ៍ និងអភិបាលរងទទួលបន្ទុកគ្រោះមហន្តរាយ។ នៅថ្ងៃដដែលនោះ លោក ឡាំ ហេងហួត និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត ដែលមានការចូលរួមពីលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរពាក់ព័ន្ធ បានចុះចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ៩០៥គ្រួសារស្នើនឹងពូជស្រូវ ៩០.៥តោន ដែលបានទទួលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងក្នុងរដូវប្រាំង ឆ្នាំ២០២៣ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។  លោក ឡាំ ហេងហួត ក៏បានបង្ហាញនូវការសោកស្ដាយ ចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះផ្ទួនៗ កាលពីឆ្នាំ២០២២ កន្លងមក និងដើមឆ្នាំ២០២៣នេះ ដែលជាជំនន់ខុសរដូវ ឬជំនន់រដូវប្រាំង បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី តបតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដែលខូចខាតដោយសារទឹកជំនន់ គឺចាំបាច់ត្រូវពន្លឿន និងជំរុញនៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាកសិករ បានសម្តែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ៕ សម្រួលដោយ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង