ដាក់បារ៉ាសឆែកឆេរអាវុធជាតិផ្ទុះ បែរជាប្រទះជនសង្ស័យជួញដូរគ្រឿងញៀន១៥៥កញ្ចប់ ក្របួចបានមនុស្សពីរនាក់

ខេត្តព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន ក្រោយពីដាក់បារ៉ាសត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងក្រុងព្រះសីហនុ។ ភ្លាមៗ អាជ្ញាធរសមត្ថកិច្ចបាននាំខ្លួនទៅសាកសួរ និងបានឃាត់ខ្លួនបន្តនីតិវិធី…។  លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យ ធី អិន អឹម ដឹងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនសង្ស័យទាំពីរនាក់ដែលជាប់ពាកព័ន្ធករណីគ្រឿងញៀនេះ ត្រូវបានកម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ តាមដងផ្លូវដាក់បារ៉ាស់ត្រួតពិនិត្យ នៅភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ដោយធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២យប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធ្វើការស្រាវជ្រាវបន្ត និងបានប្រគល់ទៅកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្រោយធ្វើការសាកសួរតាមនីតិវិធីរួចរាល់។  ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖ ទី១. ឈ្មោះ​ វូ ស៊ុនវ៉ី WU SHUN WEI ភេទ​ប្រុស​ អាយុ ២២ឆ្នាំ, ទី២. ឈ្មោះ ម៉ៅ តេវ៉ី MAO DE WEI ភេទប្រុស អាយុ២១ឆ្នាំ ទាំងពីអ្នកជាជនជាតិចិន ស្នាក់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបានរួមមានថ្នាំញៀនចំនួន១៥៥កញ្ចប់, ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់, ទូរសព្ទ០៥គ្រឿង, រថយន្ត០១គ្រឿងម៉ាក Lexus GS 300 ពណ៌ស ដែលមានស្លាកលេខ 2BK ៤៣៨៥, ជញ្ជីងថ្លឹងចំនួន០២ និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធីច្បាប់ បញ្ជូនទៅផ្តន្ទាទោសនៅសាលាដំបូងខេត្ត៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង