សមត្ថកិច្ចចុះពិនិត្យទីតាំងតារាងបាល់មួយកន្លែង នៅសង្កាត់បឹងត្របែក សង្ស័យមានបង្កប់ល្បែងស៊ីសង

ភ្នំពេញ ៖ នៅវេលាម៉ោង១៨ និង៣០នាទីយប់ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរចម្រុះខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបើកការឆ្មក់ចុះពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសង ។  លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបញ្ជាក់អោយដឹងថា ការចុះពិនិត្យខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​មានបងប្អូនពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ទៅកាន់អាជ្ញាធរអំពីទីតាំងតារាងបាល់ខាងលើ ថាមានលួចលាក់លេងនូវល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដោយជ្រកក្រោមអាជីវកម្មតារាងបាល់ទះ និងបោះបូលកម្សាន្ត ។  បន្ទាប់ពីមានការចុះពិនិត្យរួចមក ក្រុមអាជ្ញាធរចម្រុះ មិនបានរកឃើញមានការលេងល្បែងស៊ីសង ក៏ដូចជាការលេងភ្នាល់ខុសច្បាប់ណាមួយឡើយ ហើយកម្លាំងអាជ្ញាធរ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយមិនត្រូវអោយមានការលេងល្បែងស៊ីសងនោះទេ បើពុំនោះទេ ក្រុមមន្ត្រី នឹងមានវិធានការផ្លូវច្បាប់។  សូមបញ្ជាក់ថា កន្លងទៅទីតាំងខាងលើនេះដែរ ធ្លាប់ត្រូវបានបងប្អូនប្រជាពលរដ្ឋ រិះគន់ចំៗ​ថា មានការបើកលួចលាក់លេងល្បែងភ្នាល់មួយចំនួន​ដូចជា បៀ អាប៉ោងជាដើម ដោយការលួចលេងនោះ តែងតែមានការភ្នាល់ក្នុងទំហំសាច់ប្រាក់ជាច្រើនសន្ធប់ សូម្បីតែកីឡាបាល់ទះ និងបោះបូលផងដែរ​។ ហើយជាប្រចាំថ្ងៃ​គេក៏តែងសង្គេតឃើញមាន ក្រុមមនុស្សជាច្រើន នាំជិះម៉ូតូ ក៏ដូចជាបើករថយន្តស៊េរីទំនើបជាច្រើនគ្រឿង តែងទៅឈប់ចត​សងខាងផ្លូវនៅមុខទីតាំងតារាងបាល់​ដូចការដង្ហែរក្បួន ដើម្បីទៅលេងការភ្នាល់នៅទីនោះ។ ​ទន្ទឹមនឹងនោះកន្លងទៅ ក៏ធ្លាប់មានបងប្អូនអ្នកសារព័ត៌មានជាច្រើន តែងចុះផ្សាយជាបន្តបន្ទាប់ តាមការសំណូមពរពីពលរដ្ឋ​អោយមានការចុះបង្ក្រាបពីសំណាក់ក្រុមអាជ្ញាធរខណ្ឌ​។  ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺបើទោះជាមានការរាយការណ៍ពីពលរដ្ឋ មានការចុះផ្សាយព័ត៌មានយ៉ាងណាក៏ដោយ ក៏កន្លងទៅ និងជាបន្តបន្ទាប់​ទីតាំងខាងលើនេះ នៅដំណើរការបានធម្មតា ហើយនៅពេលដែលក្រុមមន្ត្រីអាជ្ញាធរ បានត្រឹមចុះដល់មិនឃើញអ្វីទាំងអស់ ពោលហាក់ដូចជាមានការរៀបចំយ៉ាងស្អាត មុនពេលអាជ្ញាធរ ចុះទៅពិនិត្យម្តងៗ ហើយការចុះពិនិត្យពីសំណាក់ក្រុមអាជ្ញាធរខាងលើនេះ ក៏ពុំមែនជាលើកទី១នោះឡើយ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង