ព្រះមហាក្សត្រ ប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ទិញមន្ទីរពេទ្យ «នគរទេព»

TNM(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានថវិកា ២០ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ។

ព្រះអង្គបានមានព្រះរាជបន្ទូលគូសបញ្ជាក់ក្នុងព្រះរាជសារជូនសម្តេចតេជោថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្តថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសទិញមន្ទីរពេទ្យ «នគរទេព» ដោយប្តូរឈ្មោះថាមន្ទីរពេទ្យ «ហ្លួងម៉ែ»។ មន្ទីរពេទ្យនេះបច្ចុប្បន្នកំពុងដាក់ឱ្យព្យាបាលអ្នកជំងឺកូវីដ១៩ ទៅថ្ងៃមុខរាជរដ្ឋាភិបាលនឹងយកមន្ទីរពេទ្យនេះទៅព្យាបាលជំងឺទូទៅ។

ការប្រកាសទិញមន្ទីរពេទ្យនេះ មានសប្បុរសជនជាឧកញ៉ា និងពាណិជ្ជករជាច្រើនរូប បានចូលរួមទិញមន្ទីរពេទ្យនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង