រថយន្តដឹកសំណាញ់ដែកក្រឡាប់ផ្ងារជើងនៅផ្លូវជាតិលេខ១
រថយន្តកូរ៉េពណ៌សពាក់ស្លាកលេខភ្នំពេញ៣D ៧៩ ៤៧ ផ្ទុកដោយដែកសំណាញ់បានក្រឡាប់លើទ្រូងផ្លូវប៉ុន្តែសំណាងល្អមិនរងរបួសដល់មនុស្សឡើយ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចភ្លើងស្ថុបវត្តនិរោធ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កបានដឹកដែកសំណាងជាដែករមូ បើកចេញពីផ្លូវតាងូវចេញមកផ្លូវជាតិលេខ១បត់ទៅទិសខាងលិចឆ្ពោះទៅស្ពានព្រះមុនីវង្ស។ លុះមកទាន់ឆ្លងស្តុបស្រួលបួលផង ក៏ស្រាប់តែក្រឡាប់ផ្អៀងមកម្ខាងប៉ុន្តែមិនបង្កឲ្យប៉ះពាល់ដល់អ្មកដំណើឡើយ។ បើតាមការអះអាងពីអ្នកដំណើរដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យរថយន្តក្រឡាប់បែបនេះ គឺដោយសារតែអ្នកបើកបរបួងចង្កួតចាក់កួរខ្លាំងពេកទើបធ្វើឲ្យដែកសំណាញ់ដែលចងរមូរបានផ្អៀងមកម្ខាងទើបធ្វើឲ្យក្រឡាប់លើទ្រូងផ្លូវតែម្តង សំណាងណាស់ដែលពុំប៉ះពាល់ដល់អ្នកដំណើរ៕ សម្រួលដោយ ទៀង បុណ្ណរី