អាជ្ញាធរខេត្តកំពង់ធំ ខិតខំជួសជុល និងកែលម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពទាក់ទាញជាងមុន ដើម្បីត្រៀមទទួលភ្ញៀវទេសចរមកចូលរួមក្នុងពិធីបុណ្យទន្លេនាពេលខាងមុខនេះ
កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងរៀបចំកែលម្អសោភ័ណ្ឌភាពតាមមន្ទីរអង្គភាពសាម៉ី និងលើកគម្រោងអភិវឌ្ឍជួសជុល និងកែលម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពទាក់ទាញជាងមុន ឲ្យរួចរាល់មុនពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ការថ្លែងយ៉ាងដូច្នេះ នៅក្នុងដំណើរការចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍ ជួសជុល និងកែលម្អសោភ័ណ្ឌភាពក្នុងស្ទឹងសែន នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ អភិបាលខេត្តកំពង់ធំថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន អាជ្ញាធរខេត្ត បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការងារអភិវឌ្ឍ និងរៀបចំតុបតែងកែលំអសោភ័ណភាពក្រុងស្ទឹងសែន ឲ្យកាន់តែមានភាព ទាក់ទាញជាងមុន ក្នុងនោះមានគម្រោងធំៗជាច្រើនដូចជា ការស្ថាបនាជួសជុលកែលម្អហេដ្ឋានរចនាសម្ព័ន្ធក្នុងក្រុងស្ទឹងសែន ជួសជុល និងកែលម្អអ៊ុតកៅស៊ូថ្មី ត្រង់ចំណុចផ្លូវផ្សារចាស់ និងផ្លូវកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ជួសជុល និងកែលម្អសួនស្ទឹងសែន សាងសង់វេរ៉ងដាដងស្ទឹងសែន កំពុងតែដំណើរការស្ថាបនាយ៉ាងយកចិត្តទុកដាក់បំផុត ហើយគម្រោងនេះ នឹងត្រូវបញ្ចប់មុនថ្ងៃពិធីបុណ្យទន្លេ និងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីងាយស្រួលក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយសម្រាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ។ ជាមួយគ្នានេះ លោកបានជំរុញក្រុមការងារសាងសង់ត្រូវពន្លឿនក្នុងការជួសជុលឲ្យបានទាន់ពេលវេលា៕ សម្រួលដោយ ទៀង បុណ្ណរី