រដ្ឋមន្ត្រីកសិកម្មគាំទ្រគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD ឯកឧត្តម បញ្ជាក់ថា ក្រសួងនឹងចូលរួមគាំទ្រការផ្សព្វផ្សាយ និងជំរុញក្នុងខ្សែច្រវាក់ផលិតកម្ម រួមទាំងការវេចខ្ចប់ផងដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យមានផែនការផលិតចន្ទីកែច្នៃ ដើម្បីទទួលបានតម្លៃខ្ពស់ជាជាងបរិមាណ ក្នុងនោះដែរ ការកែច្នៃត្រូវគោរពតាមគោលការណ៍បរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ការផ្សព្វផ្សាយគឺជាកត្តាចាំបាច់មួយ ដើម្បីទទួលបានការគាំទ្រ និងមានទំនុកចិត្តទាំងទីផ្សារប្រទេសជប៉ុន និងពិភពលោក ទទួលបានតម្លៃមួយខ្ពស់ ហើយអ្នកហូបស្គាល់ពីកម្ពុជា ដោយមិនមានគោលដៅប្រកួតបរិមាណជាមួយប្រទេសដទៃទេ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសម្រកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង សំដៅបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា និងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈពីសំបកចន្ទីក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤,៩០តោន ក្នុងនោះឆ្នាំ២០២២ មាន ១២៦,៤៤តោន។ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លារអាម៉េរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។ បន្ថែមពីនេះ បើគ្រាប់ស្វាយចន្ទីត្រូវបានកែច្នៃនិងវេចខ្ចប់ក្នុងស្រុក នឹងផ្តល់ការងារដល់ពលរដ្ឋជាង ១ម៉ឺននាក់បន្ថែមផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី