ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ភាគតិច​គំរាម​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​ដោយ​ការ​សងសឹក​ប្រសិនបើ​ការបង្ហូរ​ឈាម​មិន​បញ្ឈប់

TNM(មី​យ៉ាន់​ម៉ា) ៖ ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ភាគតិច​កាលពី​ថ្ងៃ​អង្គារ បាន​គំរាម​រដ្ឋាភិបាលយោធា​ដោយ​ការ​សងសឹក​ប្រសិនបើ​ការបង្ហូរ​ឈាម​មិន​បញ្ឈប់​ ខណៈដែលចំនួន​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​ក្នុងការ​បង្ក្រាប​របស់​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​ទៅលើ​ក្រុមបាតុករ​បាន​កើន​ដល់​ជាង​៥២០​នាក់។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​មហាអំណាច​ពិភពលោក​បាន​បង្កើន​ការ​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​របស់​យោធា​ទៅលើ​ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋប្រហារ​ដែល​ទាមទារ​ការ​ស្តារឡើងវិញ​នូវ​រដ្ឋាភិបាល​ដែល​បាន​ជាប់ឆ្នោត​និង​ដោះលែង​មេដឹកនាំ​ស៊ីវិល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​

​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្អាក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​មី​យ៉ាន់​ម៉ា​និង​ប្រមុខ UN លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​មានការ​រួបរួមគ្នា​ជា​សកល​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលយោធា​បន្ទាប់​ពី​ក្រុមបាតុករ​ជាង ១០០ នាក់​ត្រូវបាន​សម្លាប់​នៅ​ចុង​សប្តាហ៍​បង្ហូរឈាម​។​ ​បន្ថែម​លើ​យុទ្ធនា​ការដាក់​សម្ពាធ​នោះ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​៣​នាក់​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​ការបង្ក្រាប​ និង​បាន​គំរាម​វាយ​ប្រក​ហារ លើ​រដ្ឋាភិបាលយោធា​ដែល​បាន​បង្ក្រាប​អ្នក​តវ៉ា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រាប់រយ​នាក់​។​

​ការប្រមូលផ្តុំ​គ្នា​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំងប្រទេស​មី​យ៉ាន់​ម៉ា​ដោយ​ក្រុមបាតុករ​ដែល​គ្មាន​អាវុធ​ត្រូវបាន​ជួប​ជាមួយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​គ្រាប់​ជ័រ គ្រាប់​ពិត ការ​បំផ្ទុះ​គ្រាប់បែក និង​មាន​ទាំង​ផ្ទុះអាវុធ​ធុន​ធ្ងន់​ថែមទៀត​។​ ​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ​(AAPP)​បាន​និយាយថា​ខ្លួន​បាន​បញ្ជាក់ថា​ ចំនួន​ជន​ស៊ីវិល​សរុប​៥២១​នាក់​បាន​ស្លាប់​នៅ​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត ដោយសារ​នៅមាន​អ្នករបួសធ្ងន់​ជាច្រើន​។​

​ជាមួយគ្នានេះ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់ពាន់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ និង​កំពុង​លាក់ខ្លួន​នៅក្នុង​ព្រៃ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា​៕

អត្ថបទដែលជាប់ទាក់ទង