មន្ទីរធម្មការខេត្តស្ទឹងត្រែង បំផុសដល់យុវជនឱ្យឈ្វេងយល់ពីបុណ្យមាឃបូជា

មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង បានចលនាឱ្យយុវជន ឈ្វេងយល់ពីបុណ្យ មាឃ បូជាដើម្បីលើកស្ទួយវិស័យសាសនាឱ្យថ្កុំថ្កើងក្នុងពេលដែលថ្នាក់ដឹកនាំ ព្រះសង្ឃមន្ត្រីរាជការ ពុទ្ធបរិស័ទបានដឹកនាំប្រារព្ធពិធី បុណ្យមាឃបូជា  ដែលធ្វើឡើងនៅវត្តស្រះកែវមុន្នីវង្ស  ហៅវត្តលើនៅក្នុងក្រុងស្ទឹងត្រែង  ខេត្តស្ទឹងត្រែង។      ក្នុងពិធីបុណ្យមាឃបូជា នៅថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកមៀច អ៊ាង ប្រធាន មន្ទីរធម្មការនិងសាសនាខេត្ត បានបញ្ជាក់ថា៖ យុវជនជាអ្នកបន្តវេនក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រឱ្យដើរទន្ទឹមគ្នាដូចពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោមានភាពរីកចម្រើនពីទីក្រុងដល់ជនបទ។ លោកបន្តថា៖ដើម្បីឱ្យកាន់តែមាន ចំណេះដឹង យុវជនដែលបានមកចូលរួមក្នុងពិធីបុណ្យមាឃបូជាត្រូវព្យាយាមឈ្វេងយល់ពីអត្ថន័យនៃពិធីបុណ្យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា  កាលពី៥៨៨ឆ្នាំមុនគ្រិស្ដសករាជ នាថៃ្ងទី១៥កើត ខែមាឃ  ហើយមនុស្សជំនាន់ដើមយើងបានប្រតិបត្តិតរៀងមក ហៅថាបុណ្យមាឃបូជានេះ ។ លោកបន្ថែមថា យុវជនត្រូវចងចាំប្រវត្តិនៃការបង្កើតព្រះពុទ្ធសាសនា ដែលមាន ព្រះសង្ឃចំនួន១.២៥០ អង្គ ជាសមាជិកនិមន្តមកពីគ្រប់ ទិសទីចូលរួមក្នុងអង្គមហាសន្និ បាតមួយ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ផ្សព្វផ្សាយទៅដល់ជនដទៃទៀត ឱ្យបានយល់ពីពុទ្ធសាសនានិងដាក់ ឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»ហើយ បាដិមោក្ខ នេះជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយ សម្រាប់ឱ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃទ្រង់ប្រទាន ដល់មហាសង្ឃសន្និបាត ក្នុងព្រះពុទ្ធសាសនា ដែលមានមកដល់សព្វថ្ងៃនេះ។        លោកយាយ ដេប៊ុនណាត អាយុ៨៤ឆ្នាំជាចាស់ទុំរស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹង ត្រែងបានយល់ថា៖នេះជាការផ្ដល់នូវគំនិតដាស់តឿនព្រោះបច្ចុប្បន្នយើងពឹងពកូនចៅជំនាន់ក្រោយនេះហើយ  ដែលបានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់  និងធ្វើជាអ្នកបន្តដឹកនាំការអភិវឌ្ឍអ្វីៗគ្រប់យ៉ាងបាន ហើយអាចជួយឱ្យស្រុកភូមិមានការរីកចម្រើនតទៅមុខទៀតរួមទាំងផ្នែកព្រះពុទ្ធសាសនានេះផង។ យុវជននឿនសុខនី អាយុ២១ឆ្នាំរស់នៅភូមិត្រពាំងព្រីងសង្កាត់ស្ទឹង ត្រែងបានកត់សម្គាល់ថា៖ចំណុចនេះក្រុមយុវជននៅមិនទាន់បានគិតដល់នៅឡើយទេ  តែបើមានចាស់ទំុយើងដឹកនាំ  ក្រុមយុវជនពិតជាលះបង់ពេលវេលា ចូលរួមសិក្សាកត់ត្រាចងចាំចំណាំទុក និងធ្វើការប្រតិបត្តិតាម  ព្រោះបានរួម ចំណែកលើកស្ទួយវិស័យសាសនាដែលជាសាសនារបស់រដ្ឋយើងឱ្យកាន់តែមានការរីកចម្រើនតទៅអនាគត។        សូមបញ្ចាក់ថា៖បុណ្យមាឃ បូជានេះ មន្ទីរធម្មការនិងសាសនាព្រះសង្ឃពុទ្ធបរិស័ទបានប្រារព្ធឡើងដោយរៀបចំជាក្បួនដង្ហែព្រះពុទ្ធរូប និងសៀវភៅត្រៃបិដក ទក្សិណជុំវិញព្រះវិហារ៣ជុំ បង្ហាញពីទំនៀមទម្លាប់ប្រពៃណី  ឱ្យយុវជនជំនាន់ក្រោយចងចាំ ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង