ផ្លូវ​ប្រប​មាត់​ទន្លេ​ក្នុង​ស្រុកព្រែកប្រសព្វ នឹង​បន្ត​ចាក់​​កៅស៊ូ​សម្រួល​ធ្វើ​ដំណើរ​របស់ពលរដ្ឋ

ប្រធាន​មន្ទីរសាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ក្រចេះ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹងថា ផ្លូវ​ខេត្ត​លេខ ២៧៩ ​ប្របតាមដង​​ទន្លេ​ត្រើយ​ខាង​លិចក្នុង​ស្រុកព្រែកប្រសព្វ​ នឹង​​បន្ត​​​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​នៅ​ឆ្នាំ ២០២៣ តាម​ផែនការ​អភិវឌ្ឍ​របស់​ខេត្ត។  លោក សាំង ប៊ុនថេន ​ប្រធាន​មន្ទីរសាធារណការ​ខេត្តក្រចេះបាន​ឲ្យ​ដឹង​ថា កំណាត់​​ផ្លូវ​នេះ​​ចាក់​កៅស៊ូបានមួយ​ចំនួន និង​​កន្លែង​ខ្លះ​នៅ​ជា​គ្រួស​ក្រហម​នៅ​ឡើយ។ ផ្លូវ​ខេត្ត​នេះ​​ឆ្លង​កាត់​ភូមិសាស្រ្ត​ខេត្ត​ក្រចេះមាន​ប្រវែង ៧៣ គីឡូម៉ែត្រ​ក្នុង​នោះ​បាន​ចាក់ក្រាល​​កៅស៊ូ​បានប្រវែង​​ជាង ២២ គីឡូម៉ែត្រ និងនៅសល់​​ជាង ៥១ គីឡូម៉ែត្រជា​ផ្លូវគ្រួស​ក្រហម។  បើ​តាម​លោក សាំង ប៊ុនថេន នៅ​ឆ្នាំ ២០២៣ មន្ទីរសាធារណការ​​ខេត្ត​មាន​គម្រោងចាក់ក្រាល​​កៅស៊ូបន្ត​ប្រវែង ២.៨ គីឡូម៉ែត្រ​​នៅ​ក្នុង​ឃុំ​កំពង់គរ ក្នុង​ស្រុក​ព្រែកប្រសព្វ។ ចំណែក​កង​វិស្វកម្ម​នឹង​បន្ត​ធ្វើ​ប្រវែង ៣ គីឡូម៉ែត្រ នៅឃុំជ្រោយបន្ទាយ ស្រុក​ព្រែកប្រសព្វ។  ដោយ​ឡែក​ក្រុមហ៊ុនចិនក្នុង​កញ្ចប់ជំហានទី ​២ ក៏​មាន​គម្រោង​ចាក់​កៅស៊ូប្រវែង ១៣.៧ គីឡូម៉ែត្រ។ ដូចនេះកំណាត់​នៅ​សល់នឹង​បន្ត​ធ្វើ​តាមផែនការ​នៅ​ឆ្នាំ​បន្ត​បន្ទាប់។  គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវ​ខេត្ត​លេខ ២៧៩ ជា​បណ្ដាញ​ផ្លូវ​លំ​តភ្ជាប់​ពី​​ខេត្តកំពង់ចាម​ដល់​ខេត្ត​​ក្រចេះ​តាម​បណ្ដោយ​​ខាង​លិច​ដង​ទន្លេ​មេគង្គមាន​ប្រវែង​​​សរុប​ជាង ១៣៦,៩​គីឡូ​ម៉ែត្រ។ កាល​ពី​មុន​ផ្លូវ​នេះ​សាង​សង់​ជា​ប្រភេទ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ សម្រាប់​ប្រើ​ប្រាស់​របស់​ប្រជា​ពល​រដ្ឋ​​ទូទៅ​ដែល​ស្ថិត​នៅ​ខាង​លិច​ទន្លេ​មេគង្គ។  យ៉ាងណាមិញ គម្រោង​សាងសង់​​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​នៅ​ខេត្ត​ក្រចេះដែល​បាន​បើកការដ្ឋាន​នៅ​ដើម​ឆ្នាំនេះ​​ ភ្ជាប់​ពី​ត្រើយ​ខាង​កើតមក​ត្រើយ​ខាងលិចមក​ស្រុក​ព្រែកប្រសព្វ ​នឹង​ជំរុញ​ការ​ធ្វើ​ចរាចរណ៍​កាន់​តែ​មមាញឹក​។ បណ្តាញ​ផ្លូវ​យុទ្ធសាស្រ្ត​នេះក៏​​​ភ្ជាប់​ទៅ​ជាមួយ​ផ្លូវ ៦០B ពីខេត្តក្រចេះ​ទៅខេត្តកំពង់ធំ​ភ្ជាប់​ជាមួយ​​ផ្លូវ​ជាតិ​លេខ ៦​ ត្រង់ផ្លូវបំបែកកំពង់ថ្មបន្ត​ឆ្ពោះ​ទៅ​កាន់​ខេត្តសៀមរាប និង​តភ្ជាប់​ជាមួយ​ផ្លូវជាតិលេខ ៧១A តាម​បណ្តោយ​មាត់​ទន្លេ​មេគង្គ​ឆ្ពោះ​ទៅកាន់​ខេត្តស្ទឹងត្រែង​នៅ​ផ្នែក​ខាងលើ និង​ឆ្ពោះ​ទៅ​ខេត្តកំពង់ចាម​នៅ​ផ្នែក​ខាងក្រោម​ទន្លេ​មេគង្គ​៕  សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង