ក្រសួងមហាផ្ទៃបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាពហើយសូមទៅបំពេញបែបបទ ដើម្បីធ្វើអត្តសញ្ញាណបណ្ណថ្មី
រាជធានីភ្នំពេញ៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព មេត្តារួសរាន់មកបំពេញបែបបទ ដើម្បីទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា។ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកហើយមកបំពេញការងារជាកម្មករកម្មការិនី ឬការងារផ្សេងៗ ជាពិសេសនៅរាជធានីភ្នំពេញ អាចអញ្ជើញមកបំពេញបែបបទសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានអាសយដ្ឋាន សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជនីភ្នំពេញ ឬនៅផ្សារអីអន២ សែនសុខ ដោយមិនចាំបាច់អញ្ជើញទៅឃុំ សង្កាត់ ដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍របស់ខ្លួននោះទេ។ ជាមួយគ្នានោះក្រសួងមហាផ្ទៃ បន្តជំរុញផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតាតាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានតម្លៃប្រើប្រាស់ក្នុងការទទួលយកសេវា រដ្ឋបាលផ្សេងៗ និងក្នុងការបំពេញសិទ្ធិ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ គួរបញ្ជាក់ផងដែរថា ទិន្នន័យដែលស្រង់ចេញពីប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបានផ្ដល់ជូនចាប់ពីឆ្នាំ២០១២ និងក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៣ គិតដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរត្រូវអស់សុពលភាពប្រើប្រាស់មានចំនួន ១ ៧២៧ ០៩៤នាក់។ ក្នុងនោះសម្រាប់លទ្ធផលនៃការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានចំនួន ៦១៦ ៧២១នាក់ ហេតុនេះចំនួននៅសល់ដែលត្រូវបន្តផ្ដល់ មានចំនួន ១ ១១០ ៣៧៣ នាក់ទៀត៕ សម្រួលដោយ ទៀង បុណ្ណរី