អាជ្ញាធរខេត្តត្បូងឃ្មុំត្រៀមរៀបចំពិធីចុះចាប់ត្រីបែបបុរាណនៅបឹងត្រពាំងក្រមស្ថិតក្នុងស្រុកមេមត់ នឹងរៀបចំធ្វើនៅថ្ងៃទី១៨ខែ កុម្ភៈឆ្នាំ2023ខាងមុខនេះ

ត្បូងឃ្មុំ ៖ ពិធីចុះចាប់ត្រីតាមបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ស្ថិតភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ បើយោងតាម សេចក្តីជូនដំណឺង របស់ រដ្ឋបាលស្រុកមេមត់ ចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។  សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវ ។ ដោយចាប់ពីម៉ោង ១០ និង១៥នាទី ចាប់ផ្តើមចុះក្នុងបឹងត្រពាំងក្រម ដំណើរការចាប់ត្រី តាមបែបបុរាណ ឧបករណ៍សម្រាប់ចាប់ត្រី រួមមាន អង្រុត ឈ្នាង ត្រក ក្លុះ ។  អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ សប្បុរសជន លោក លោកស្រី អ្នកនាង កញ្ញា បងប្អូនប្រជាពលរដ្ឋ និង បងប្អូនអាជីវករ អញ្ជើញចូលរួម តាមកាលបរិច្ឆេទ និង ទីកន្លែងខាងលើ ដោយមេត្រីភាព។  សូមជម្រាបផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាលប្រមូលទឹក ៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិលិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង