កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចាប់ផ្តើម​ហ្វឹកហ្វាត់​ជំនាញមុជ​ទឹកបន្ទាប់ពី​ទទួល​អំណោយ​សម្ភារៈរបស់សម្តេចតេជោ

ព្រះសីហនុ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីទទួល​បានអំណោយ​ជាសម្ភារៈ​ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កងប្រតិបត្តិការរុករក និងសង្រ្គោះលេខ៧១១ នៃ​កងពលតូចលេខ៧០ បានរៀបចំការហ្វឹកហ្វឺន​ជំនាញ​មុជទឹករយៈពេលមួយសប្តាហ៍ ដើម្បី​ពង្រឹងសមត្ថភាពជួយសង្គ្រោះជនរងគ្រោះក្នុងផ្ទៃទឹក ខណៈលំហាត់ហ្វឹកហ្វឺន​នេះធ្វើ​ឡើង​នៅទីតាំង​ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បាន គូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានផ្តល់ថវិកា ដើម្បីរៀបចំជា​ជំនួយសម្ភារៈឧបករណ៍បម្រើដល់ប្រតិបត្តិការសង្គ្រោះក្នុងផ្ទៃទឹក ដូចជា បឹង ស្ទឹង ទន្លេ និងសមុទ្រជាដើម។  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការ​គិតគូរដល់​កង​ប្រតិបត្តិការ​រុករក និងសង្គ្រោះ សរុបទាំង១៧កង សំដៅឲ្យប្រតិបត្តិការ​អន្តរាគមន៍​ទាំងឡាយ​ដែលកើត​ឡើងជាយថា​ហេតុទទួល​បានប្រសិទ្ធភាពខ្ពស់ផងដែរ។  ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ការផ្តល់ជំនួយសម្ភារៈនេះជាការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាស្ថាន​ភាព​ដែល​ជួប​ប្រទះ​នាពេលកន្លងមក ក្នុងរង្វង់ប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរក​ជនរងគ្រោះដែល​លិចលង់ដោយ​ឧបទ្ទវហេតុផងដែរ។  ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា សម្រាប់កម្ពុជាស្ទើរ ជា រៀងរាល់ឆ្នាំ បានរងផលប៉ះពាល់​ដោយ​សារទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំង ទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។  ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារ គ្រប់គ្រង គ្រោះមហន្តរាយ ដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ ការបាន លើ គ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង