អគ្គិភ័យឆេះហាង «កន្លែងថ្មី» ស្លា.ប់.បុគ្គលិកម្នាក់ និងរបួសធ្ងន់ធ្ងរ២នាក់
រាជធានីភ្នំពេញ៖ ភោជនីយដ្ឋានយីហោ «កន្លែងថ្មី» ស្ថិតនៅខាងក្រោយសណ្ឋាគារ ដឺឡឺ ប្រេស៊ីដង់ ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបុរសជាបុគ្គលិកម្នាក់បានស្លាប់នៅនឹងកន្លែង និងរងរបួសធ្ងន់ធ្ងរ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ៈ៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវលេខ១៣៨ ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ….។ ម្ចាស់ហាងដែលត្រូវភ្លើងឆេះ ឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ45F បូរីលឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះថ្នាក់ដោយសារតែអគ្គិភ័យនេះ ភ្លាមៗពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ប្រភពពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើង បានឆាបឆេះចេញ ពីផ្ទះល្វែងលេខ៨៨ បើកហាងខាងក្រោម និងបុគ្គលិកស្នាក់នៅយ៉ាងសន្ធោសន្ធៅ ហើយឆេះរាល់ដាលយ៉ាងរហ័សទៅផ្ទះលេខ៩០ ភ្លាមៗពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឱ្យចុះអន្តរាគមន៍ និងបានរាយការណ៍បន្តទៅក្រុមរថយន្តពន្លត់អគ្គិភ័យ ដើម្បីមកពន្លត់។ បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ រថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យ បានចេញទៅបាញ់ទឹកពន្លត់រហូតដល់ម៉ោង១១ៈ៣០នាទី ទើបអគ្គិភ័យ ត្រូវបានក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបានទាំងស្រុង ខណៈគ្រោះអគ្គិភ័យនេះ បណ្តាលឱ្យខូតខាតផ្ទះស្ទើរទាំងស្រុង។ តាមព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងបន្តថា នៅក្នុងហេតុការណ៍នោះ មនុស្សចំនួន៣នាក់ ក្នុងចំណោម៤នាក់ ដែលនៅក្នុងផ្ទះល្វែង បានជាប់នៅខាងក្នុង ហើយបុរសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងផ្ទះ ពេលរត់ចូលទៅក្នុងបន្ទប់ទឹក ហើយស្ត្រីម្នាក់ជាប់នៅជាន់លើ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងបុរសម្នាក់ទៀត បានរត់ចេញទាំងរងរបួសធ្ងន់ ភ្លាមៗនគរបាលហៅរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ បើតាមមន្ត្រីនគរបាលមូលដ្ឋាន ដាក់ការសង្ស័យលើការឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែបើតាមព័ត៌មានខ្លះ អះអាងថា បណ្តាលមកពី ជាងផ្សារដែកនៅផ្ទះល្វែង ហើយកម្ទេចភ្លើងបានធ្លាក់ ហើយក្លាយជាអគ្គិភ័យតែម្ដង។ ចំពោះទំហំនៃការខូចខាតមិនទាន់បានគិតជាចំនួនទឹកប្រាក់នៅឡើយទេ…៕ សម្រួលដោយ ទៀង បុណ្ណរី