បំបែកសំណុំរឿងឃាតកម្មលើយុវជនម្នាក់នៅខេត្តកោះកុង

ជនដៃដល់ក្នុងសំណុំរឿងឃាតកម្មលើយុវជនម្នាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការ​ជាមួយ​កម្លាំងជំនាញស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ និងស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនបានហើយ​ កាលពីវេលាម៉ោង​១៤និង៥៥នាទី ថ្ងៃទី២៩ ខែមករា​​ ឆ្នាំ២០២៣នេះ នៅចំណុចភូមិដើមអំពិល​ ឃុំកំពង់ភ្នំ​ ស្រុកលើកដែក​ ខេត្ត​កណ្តាល។​   ជនដៃដល់ក្នុងករណីឃាត់កម្មនេះមានឈ្មោះ ផន ចាន់​រ៉ា​​ ហៅ​ លៀន​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ ជាងសំណង់ ស្រុកកំណើតភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ទីលំនៅ​បច្ចុប្បន្ន​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​។ ចំណែកជនរងគ្រោះមានឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ​ បានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក​។  គួររំលឹកដែរ​ថា​ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុច​ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង​ មា​នករណី​ ឃាតកម្ម​(ចាក់​សម្លាប់​មនុស្ស​)​ ដែលបង្កដោយ​ជនសង្ស័យ​ឈ្មោះ​ ផន ចាន់រ៉ា ហៅ លៀន ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លើជនរងគ្រោះត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង