ហ្សេឡេនស្គី ទទូចឱ្យលោកខាងលិចបញ្ជូនអាវុធមកបន្ថែមនិងលឿនជាងមុន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ( Volodymyr Zelenskyy) បាននិយាយកាលពីថ្ងៃអាទិត្យទី ២៩ ខែមករាថា អ៊ុយក្រែនត្រូវការសព្វាវុធថ្មីៗ និងការផ្គត់ផ្គង់លឿនជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តឹងតែងនៃការវាយប្រហារឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេស។ លោក ហ្សេឡេនស្គី បាននិយាយក្នុងសន្និសីទតាមវីដេអូពេលយប់របស់លោកថា ៖«ស្ថានការណ៍គឺតានតឹងណាស់ណាស់ ដោយទីក្រុង Bakhmut និង Vuhledar រួមទាំងតំបន់ Donetsk ទទួលរងការវាយប្រហារពីសំណាក់រុស្ស៊ីជាបន្តបន្ទាប់ ខណៈទីក្រុងម៉ូស្គូព្យាយាមឥតឈប់ឈរដើម្បីទម្លុះកំផែងការពាររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ៖«រុស្ស៊ីចង់ឱ្យសង្រ្គាមអូសបន្លាយ និងបំបាក់កងកម្លាំងរបស់យើង ដូច្នេះយើងត្រូវបង្កើនល្បឿនព្រឹត្តិការណ៍ បង្កើនល្បឿនការផ្គត់ផ្គង់ និងបើកជម្រើសអាវុធថ្មីៗសម្រាប់អ៊ុយក្រែន»។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃអាទិត្យទី ២៩ ខែមករាថា កងកម្លាំងរបស់ខ្លួនបានវាយលុកលើការវាយប្រហារនៅជិតភូមិ Blahodatne នៅភាគខាងកើតនៃតំបន់ដូណេត ខណៈដែលក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបានអះអាងថា ខ្លួនបានគ្រប់គ្រងភូមិនេះ។ នៅក្នុងការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងតំបន់លំនៅដ្ឋានក្នុងទីក្រុងឃឺសុន (Kherson) ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់។ នេះបើតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី ២៩ ខែមករាចុងសប្តាហ៍កន្លងទៅនេះ។ រណសិរ្សនៅភាគខាងត្បូងអ៊ុយក្រែន កំពុងមានភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះ បើធៀបទៅនឹងតំបន់ភាគខាងកើត ដោយសារទីក្រុងមូស្គូបានដកខ្លួនចេញពីទីក្រុងឃឺសុន កាលពីខែវិច្ឆិកាឆ្នាំមុន។ ប៉ុន្តែទីក្រុងសំខាន់ៗ និងរដ្ឋធានីក្នុងតំបន់នៃតំបន់ឃឺសុន នៅតែជាកម្មវត្ថុនៃការបាញ់ផ្លោងរបស់រុស្ស៊ីជាញឹកញាប់។ រដ្ឋបាលតំបន់ឃឺសុន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សស្លាប់បីនាក់ ក្នុងនោះមានបុរស២នាក់ និងស្ត្រីម្នាក់ ចំណែក ៦នាក់ទៀតរងរបួស ដោយបន្ថែមថា គ្រឿងបរិក្ខារស៊ីវិលត្រូវបានខូចខាត រួមមាន មន្ទីរពេទ្យគ្លីនិកក្នុងតំបន់ សាលារៀន ស្ថានីយរថយន្តក្រុង ការិយាល័យប្រៃសណីយ៍ ធនាគារ និងអគារលំនៅដ្ឋាន។ ក្នុងចំណោមអ្នករងរបួសមានគិលានុបដ្ឋាយិកាម្នាក់ និងបុគ្គលិកហាងកាហ្វេរបស់មន្ទីរពេទ្យ ដែលបានរងរបួសកម្រិតមធ្យម។ លោក ហ្សេឡេនស្គី បានចេញសេចក្តីអំពាវនាវចុងក្រោយរបស់លោកសម្រាប់ការបង្កើនការដឹកជញ្ជូនអាវុធនៅប៉ុន្មានថ្ងៃបន្ទាប់ពីអាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិកបាននាំមុខលើប្រទេសដែលបានចុះបញ្ជីយល់ព្រមផ្គត់ផ្គង់រថក្រោះទំនើបៗដល់អ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា បានទទូចថា អ៊ុយក្រែនត្រូវការមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាម៉េរិកដែលបាញ់បានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ប៉ុន្តែរហូតមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្គត់ផ្គង់ទេ។ ជាមួយគ្នានេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ការពិភាក្សាកំពុងដំណើរការលើការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ខណៈអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនបានលើកឡើងអំពីការចរចាលើការផ្ដល់យន្តហោះចម្បាំង។ គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កុលស៍ (Olaf Scholz) ក៏បានអះអាងជាថ្មីកាលពីថ្ងៃអាទិត្យទី ២៩ ខែមករា ដូចទៅហ្នឹងទីក្រុងវ៉ាស៊ីនតោនដែរថា អាល្លឺម៉ង់នឹងមិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនទេ ដោយសារតែខ្លួនទើបតែបានយល់ព្រមកាលពីថ្ងៃពុធ ទី២៥ ខែមករា ក្នុងការបញ្ជូនកំពូលរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤ គ្រឿងទៅកាន់ទីក្រុងកៀវ៕ សម្រួលដោយ ទៀង បុណ្ណរី