រុស្ស៊ីបើកការបា.ញ់ផ្លោងជាថ្មីលើអ៊ុយក្រែន ដោយបណ្តាលឱ្យមនុស្សយ៉ាងតិច៣នាក់ស្លា.ប់
ការបាញ់ផ្លោងរបស់រុស្សីទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុងឃឺសុន (Kherson) ភាគខាងត្បូងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យមនុស្សយ៉ាងតិច៣នាក់ស្លាប់។ នេះបើតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងកាលពីថ្ងៃអាទិត្យទី ២៩ ខែមករាចុងសប្តាហ៍កន្លងទៅនេះ។ រណសិរ្សនៅភាគខាងត្បូងអ៊ុយក្រែន កំពុងមានភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះ បើធៀបទៅនឹងតំបន់ភាគខាងកើត ដោយសារទីក្រុងមូស្គូបានដកខ្លួនចេញពីទីក្រុងឃឺសុន កាលពីខែវិច្ឆិកាឆ្នាំមុន។ ប៉ុន្តែទីក្រុងសំខាន់ៗ និងរដ្ឋធានីក្នុងតំបន់នៃតំបន់ឃឺសុន នៅតែជាកម្មវត្ថុនៃការបាញ់ផ្លោងរបស់រុស្ស៊ីជាញឹកញាប់។ រដ្ឋបាលតំបន់ឃឺសុន បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សស្លាប់បីនាក់ ក្នុងនោះមានបុរស២នាក់ និងស្ត្រីម្នាក់ ចំណែក ៦នាក់ទៀតរងរបួស ដោយបន្ថែមថា គ្រឿងបរិក្ខារស៊ីវិលត្រូវបានខូចខាត រួមមាន មន្ទីរពេទ្យគ្លីនិកក្នុងតំបន់ សាលារៀន ស្ថានីយរថយន្តក្រុង ការិយាល័យប្រៃសណីយ៍ ធនាគារ និងអគារលំនៅដ្ឋាន។ ក្នុងចំណោមអ្នករងរបួសមានគិលានុបដ្ឋាយិកាម្នាក់ និងបុគ្គលិកហាងកាហ្វេរបស់មន្ទីរពេទ្យ ដែលបានរងរបួសកម្រិតមធ្យម។ ទន្ទឹមគ្នានោះ នៅក្នុងតំបន់ហ្សាប៉ូរីហ្សីយ៉ា ក្រុមមន្ត្រីដែលតែងតាំងដោយទីក្រុងម៉ូស្គូ បានលើកឡើងថា ទីក្រុងកៀវ បានវាយប្រហារលើស្ពានផ្លូវរថភ្លើងដោយបានសម្លាប់មនុស្ស៤នាក់។ លោក អ៊ីវហ្គេនី បាលីតស្គី (Yevgeny Balitsky) រដ្ឋបាលតំបន់ដែលដំឡើងដោយរុស្ស៊ី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានបើកការវាយប្រហារដោយប្រើគ្រាប់រ៉ុក្កែត HIMARS ជាច្រើនគ្រាប់ ទៅលើស្ពានផ្លូវដែកឆ្លងកាត់ទន្លេម៉ូឡូចណាយ៉ា (Molochnaya)។ លោកបានបន្ថែមថា មនុស្សបួននាក់មកពីកងពលតូចផ្លូវដែកត្រូវបានសម្លាប់ និងប្រាំនាក់ទៀតបានរងរបួស។ យោងតាមលោក បាលីតស្គី បានឱ្យដឹងថា ស្ពាននេះស្ថិតនៅក្នុងភូមិមួយភាគខាងជើងនៃទីក្រុងមេលីតូប៉ូល (Melitopol) ដែលគ្រប់គ្រងដោយរុស្ស៊ី ហើយកំពុងដំណើរការជួសជុល។ រុស្ស៊ីបានអះអាងថាបានកាត់បញ្ចូលតំបន់ហ្សាប៉ូរីហ្សីយ៉ា និងតំបន់ឃឺសុន រួមនឹងតំបន់ក្នុងទឹកដីអ៊ុយក្រែនចំនួនពីរផ្សេងទៀតនៅភាគខាងកើត ប៉ុន្តែមិនបានគ្រប់គ្រងទឹកដីទាំងនោះដោយពេញលេញនោះទេ៕ សម្រួលដោយ ទៀង បុណ្ណរី