តារាស្រីជើងចាស់អ្នកស្រី សូ សាវឿន ចេញពីប្រភពណា មុនក្លាយជាតារាចម្រៀងសម័យ?
អ្នកស្រី សូ សាវឿន ជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបតាំងពីជំនាន់លោក ស៊ីន ស៊ីសាមុតមក។ អ្នកស្រីមានបទចម្រៀងល្បីៗជាច្រើនបទ ដូចជាបទស្ពានកំពង់ហ្លួង បទលលកវាយំ បទស្នេហាក្នុងពេលរាត្រីជាដើម។ តើតារាចម្រៀងរូបនេះមានប្រភពចេញពីណា មុនពេលក្លាយជាតារាចម្រៀងសម័យ? នកស្រី សូ សាវឿន កើតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៥ នៅឃុំបឹងងោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុកឈ្មោះសូ ប៉ុក អតីតទាហានជំនាន់ខ្មែរឥស្សរៈ និងម្ដាយឈ្មោះ តាត វិល។ អ្នកស្រីមានបងប្អូនបង្កើតតែ២នាក់ប៉ុណ្ណោះ។ ដោយមានឪពុកធំស្នាក់នៅដំណាក់លោក ឃុន តាក ដែលជាថៅកែល្ខោនបាសាក់នោះ អ្នកស្រី សូ សាវឿន បានចាកចេញពីស្រុកកំណើតទៅរស់នៅទីនោះដែរ។ អ្នកស្រីបានចូលជាសមាជិកក្រុមល្ខោនបាសាក់ផ្សារស៊ីឡឹប នៅរាជធានីភ្នំពេញ។ លោក កែវ ឯម ជាតន្ត្រីករ និងជាអ្នកសម្រួលតន្ត្រីមានឈ្មោះល្បីមួយរូប បានពេញចិត្តចំពោះទឹកដមសំឡេងរបស់អ្នកស្រី សូ សាវឿន ហើយលោកក៏ជួយបង្ហាត់បង្រៀនបណ្តុះបណ្តាលផ្នែកសិល្បៈចម្រៀងសម័យដល់អ្នកស្រី។ ដោយមានទឹកដមសំឡេងល្អពីធម្មជាតិអ្នកស្រីបានប្រែក្លាយជីវិតសិល្បៈពីវង់ល្ខោនបាសាក់ទៅជាអ្នកចម្រៀងសម័យ។ អ្នកស្រី សូ សាវឿន បានឱកាសចូលរួមនៅក្នុងក្រុមតន្ត្រីយោធាភិរម្យ។ នៅក្នុងក្រុមតន្ត្រីនេះស្រករគ្នានឹងអ្នកស្រី សាវឿន មានអ្នកម្នាងសៀង ឌី, អ្នកស្រីឈួន ម៉ាឡៃ, អ្នកស្រីឈុន វណ្ណា និងអ្នកស្រី ម៉ៅ សារ៉េត។ ក្នុងជីវិតជាតារាចម្រៀងសម័យអ្នកស្រី សូ សាវឿន មានប្រជាប្រិយភាពប្រហាក់ប្រហែលអ្នកចម្រៀងផ្សេងៗនាជំនាន់ជាមួយគ្នានោះដែរ។ បទចម្រៀងពេញនិយមរបស់អ្នកស្រី សូ សាវឿន មានដូចជា បទស្ពានកំពង់ហ្លួង, ឱ្យផ្កាយលើមេឃ, ឱដើមគគីរ, ម្លប់ដូង, បងអើយស្តាប់ផ្គរ, សារ៉ាវ៉ាន់ស្លៀកខ្យល់, លលកវាយំ, ស្នេហាក្នុងពេលរាត្រី, គេលេងភ្លេងហើយ, វាលវែងឆ្ងាយ, សុវិទ្យា, អ្នកបម្រើតាមយន្តហោះ, ក្លិនស្នេហ៍, ល្ងាចអូនទៅដល់, ជូនអូនទៅម៉ែ, ទឹកលិចភូមិអូន, រាត្រីរាំវង់, ផ្កាក្រវាន់ព្រៃ, និងបទចម្រៀងជាច្រើនទៀត៕ សម្រួលដោយ ទៀង បុណ្ណរី