អភិបាលរងខេត្ដសៀមរាប៖ ព្រឹត្តិការណ៍បុណ្យអង្ករ នឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យស្រូវអង្ករកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្រើន
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានថ្លែងថា អាជ្ញាធរខេត្តសៀមរាបរំពឹងថា រយៈការចូលរួមពីសំណាក់បរវកញ្ញាភពផែនដី(Miss Planet Internationnal)ទាំង ២៦ប្រទេស នៅក្នុងកម្មវិធីបុណ្យអង្ករនាពេលនេះ នឹងបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាឱ្យមានការទទួលស្គាល់និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើង នៅទូទាំងពិភពលោក។ ការលើកឡើងរបស់លោកអភិបាលរងខេត្ដនេះ ក្នុងពិធីបើកកម្មវិធីបុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់ជាអង្ករល្អលេខ១ លើពិភពលោក កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ លោក ពិន ប្រាកដ បានថ្លែងថា វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប គិតត្រឹមឆ្នាំ២០១៩ គឺមានភាពល្អប្រសើរ ដោយកំណើនភ្ញៀវទេសចរបរទេសមកកាន់ខេត្តសៀមរាប បានបន្តកើនឡើងជាលំដាប់។ ប៉ុន្តែនៅដើមឆ្នាំ២០២០ វិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាកម្ពុជាទាំងមូល ចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។ លោកអភិបាលរងខេត្ដបន្តថា ប៉ុន្តែជាមួយនឹងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ ពិសេសប្រសិទ្ធិភាព នៃគោលនយោបាយចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកបានលើកឡើងថា នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ វិស័យទេសចរណ៍ខេត្តមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការចាប់ផ្តើមកម្រើកឡើងវិញ នៃចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេស ដែលក្នុងនោះក្នុងឆ្នាំ២០២២ ដោយខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ២៨ម៉ឺននាក់។ លោកអភិបាលរងខេត្ដបានលើកឡើងថា តំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីនរុញកំណើនទេសចរកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនេះ ការរៀបចំអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន» ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្រ្ត ដែលការណ៍នេះទាមទារឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិស របស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាបបានកត់សម្គាល់ឃើញថា ការរៀបចំកម្មវិធីបុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក នៅក្នុងខេត្តសៀមរាប តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ប្រទេសនាពេលនេះ គឺបានបង្ហាញពីការផ្សាភ្ជាប់រវាងវិស័យកម្មសិកម្ម និងវិស័យទេសចរណ៍ដែលជួយបំពេញឱ្យគ្នាទៅវិញទៅមក។ «ខ្ញុំជឿជាក់ថាតាមរយៈកម្មវិធីនេះក៏នឹងបានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាយើង ឱ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងនៅទូទាំងពិភពលោក តាមរយៈបរវកញ្ញាចក្រវាឡទាំង២៦ប្រទេស»។ នេះជាការលើកឡើងបញ្ជាក់បន្ថែមរបស់លោក ពិន ប្រាកដ។ លោក សែតកៅ ហ្វ៊ីលីព ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា បុណ្យអង្ករ ជាព្រឹត្តិការណ៍ដ៏គួរអោយមានមោទកភាព នៅលើទឹកដីខេត្តខេត្តសៀមរាប ។ លោកបន្ដថា សមិទ្ធផលនេះអាចកើតឡើងបាន គឺជាការសម្រេចចិត្ត ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកស្ទួយ និងស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមការដឹកនាំ ដ៏យកចិត្តទុកដាក់បំផុត អំពីអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ។ លោកបន្តទៀតថា ព្រឹត្តិការណ៍ “អបអរសាទរអង្ករកម្ពុជា ទទួលបានជ័យលាភីគុណភាពល្អដាច់គេលើពិភពលោកនៃឆ្នាំ២០២២” ដែលពេលនេះធ្វើឡើងដើម្បីចូលរួមអបអរសាទ និងលើកស្ទួយកិត្យានុភាព វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែល្បីរន្ទឺ ជាមាស”ស”កម្ពុជា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលត្រូវបានចាត់ទុកថា “ជាមាសបៃតងរបស់កម្ពុជា” ក្នុងនោះក៏មានការចូលរួមគាំទ្រ ផ្សព្វផ្សាយធំទូលាយតាមរយៈកញ្ញាឯក ភពផែនដីអន្តរជាតិ ចំនួន ២៦ប្រទេសផងដែរ។ សូមជម្រាបថា កញ្ញាឯក ភពផែនដីអន្តរជាតិ ចំនួន ២៦ ប្រទេស កាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ពួកគេបានលើកឡើងថា មានចិត្តសប្បាយរីករាយ និងមានមោទកភាពដែលបានមកប្រទេសកម្ពុជា ជាពិសេសបានមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណ។ ជាមួយនឹងភាពសប្បាយរីករាយនេះ ក្រុមកញ្ញាឯកទាំងនោះក៏ បានអះអាងថា នឹងជួយផ្សព្វផ្សាយពីវិស័យទេចរណ៍កម្ពុជា តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនថែមទៀត។ បុណ្យអង្ករ នឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប លើទឹកដីខេត្តសៀមរាប។ ពិធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជា មាស “ស” របស់កម្ពុជា ដែលកន្លងទៅថ្មីៗនេះដែរ អង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” របស់កម្ពុជា បានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ របស់ពិភពលោក” ក្នុងវេទិកាសន្និសីទ “អង្ករពិភពលោក” ដែលរៀបចំឡើងនៅទីក្រុង ភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២៕ សម្រួលដោយ ទៀង បុណ្ណរី