ប្រធាន ក.អ.ក ប្តេជ្ញាបន្តភារកិច្ច និងបេសកកម្ម ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកកាសែត និងអប់រំអំពីក្រមសីលធម៌
(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការនាយកអាណត្តិទី៥និងជ្រើសរើសប្រធានថ្មី បន្ទាប់ពីលោកប៉ែន បូណា អតីតប្រធានក្លិបអ្នកកាសែតកម្ពុជាត្រូវបានព្រះមហាក្សត្រត្រាស់តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។គណៈកម្មាធិការនាយកថ្មី របស់ក្លិបអ្នកកាសែតកម្ពុជា សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣-២០២៦ ដែលត្រូវបានបោះឆ្នោតជ្រើសតាំង នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ រួមមាន៖ ១-លោក ខៀវ កូឡា ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ២-លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ៣-លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព ៤-លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មានរស្មីកម្ពុជា ៥-លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន Click News នៃ CBS ៦-លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ ៧-កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ ៨-លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ និង៩-លោក សៅ ភិរុណ អគ្គនាយករង BTV។ ក្រោយសមាជិកក្លិបអ្នកកាសែតកម្ពុជា បានបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកថ្មី ទាំង ៩រូបរួចមក គណៈកម្មាធិការនាយកទាំង ៩រូប បានជួបប្រជុំគ្នា ហើយបានសម្រេចជ្រើស តាំងលោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ហើយលោកស្រី ថុង សុវណ្ណរង្សី ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។ ក្នុងនោះ លោក ខៀវ កូឡា ក៏ត្រូវបានជ្រើសតាំងបន្ថែមជាទីប្រឹក្សារបស់ប្រធានក្លិបអ្នកកាសែតកម្ពុជា ផងដែរ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដែលទើបជ្រើសរើសថ្មីបានប្រកាសប្តេជ្ញាបន្តភារកិច្ចនិងបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងការងារបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកកាសែត និងអប់រំអំពីក្រមសីលធម៌របស់អ្នកកាសែតនិងការពារសិទ្ធិអ្នកកាសែតដែលត្រូវរំលោភបំពាន ។ លោកក៏បានផ្តាំផ្ញើឱ្យអ្នកកាសែតកម្ពុជាទាំងអស់ ត្រូវត្រៀមខ្លួន ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា ជាម្ចាស់ផ្ទះ និងការបោះឆ្នោត ដោយត្រូវពង្រឹងសមត្ថភាព និងលទ្ធភាពទៅធ្វើការ និងទៅយកព័ត៌មាន។ លិបអ្នកកាសែតកម្ពុជា ដែលមានលោក ប៉ែន សមិទ្ធិ ជាប្រធាន បានបង្កើតឡើងកាលពីថ្ងៃទី២៦ សីហា២០០០។ ចាប់តាំងពីពេលនោះមក រាល់សកម្មភាព និងដំណើរការរបស់ក្លិបអ្នកកាសែតកម្ពុជា មានម្ចាស់ជំនួយដ៏ធំ គឺមូលនិធិរបស់អាល្លឺម៉ង់ Konrad-Adenaued-Foundation ជួយក្នុងការលើកស្ទួយសិទ្ធិសេរីភាពនិងការបណ្តុះបណ្តាលអ្នកកាសែត និងការពារអ្នកកាសែតកម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី