ព័ត៌មានជាតិរដ្ឋមន្ត្រីសុខាភិបាល ស្នើចាត់វិធានការក្ដៅចំពោះរថយន្តសង្គ្រោះ និងបិទគ្លីនិកពាក់ព័ន្ធ

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានស្នើអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។  លោក ម៉ម ប៊ុនហេង បានជម្រាបជូន អភិបាលន គណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់បានធ្វើសេចក្តីណែនាំជាច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្តគិលានសង្គ្រោះខុសច្បាប់ និងរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុថា រថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជនរងគ្រោះ។  លោក ម៉ម ប៊ុន ហេង ស្នើឱ្យណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្តិជាធរមាន និងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។ ជាមួយ គ្នានេះ ក្រសួងសុខាភិបាលសូម អភិបាល រាជធានីខេត្ត ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមនូវសេវារថយន្តគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។  គួរបញ្ជាក់ថា ការស្នើនេះ ដោយយោងតាម ប្រកាសលេខ ០៣៤ អបស/មព ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១១ របស់ក្រសួងសុខាភិបាលស្ដីពីបែបបទ និង លក្ខខណ្ឌបច្ចេកទេសក្នុងការសុំបើក ឬបិទ សុំកែទ្រង់ទ្រាយ ឬប្តូរទីតាំង នៃសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និង ជំនួយវេជ្ជសាស្រ្តឯកជន៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង