កម្ពុជា និងជប៉ុន ពិនិត្យ និងពិភាក្សាចំពោះការសិក្សាបុរេសមិទ្ធិលទ្ធភាព​សម្រាប់​ការសាង​សង់​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់នៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំជាមួយក្រុមការងារក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍​នៃប្រទេសជប៉ុន អំពីការតាមដាន និង​ធ្វើ​បច្ចុប្បន្នភាពការសិក្សាបុរេសមទ្ធិលទ្ធភាព​សម្រាប់​ការសាងសង់ប្រព័ន្ធទឹកកខ្វក់នៅ​ក្នុង​ខេត្ត​សៀមរាប និងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។  ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និង​ប្រជាជនជប៉ុន ដែលតែងតែ​យកចិត្តទុក​ដាក់ជួយកម្ពុជាលើគ្រប់វិស័យ ជាពិសេសការ​កសាង​ធនធានមនុស្ស តាមរយៈផ្ដល់ការ​បណ្ដុះ​បណ្ដាលទាំងនៅកម្ពុជា និងនៅប្រទេស​ជប៉ុនផ្ទាល់ផងដែរ។ ឯកឧត្ដមបញ្ជាក់ថា ចំពោះវិស័យទឹកកខ្វក់នេះ ក្រុមការងារទាំងពីរបានចុះអនុស្សរណៈ​នៃការយោគយល់ (MOU) តាំងពីឆ្នាំ២០១៧ ដើម្បីសហការរួមគ្នាលើវិស័យទឹក​កខ្វក់នេះ​ផងដែរ។ ឯកឧត្ដម​រដ្ឋលេខាធិការបានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលលទ្ធផលនៃ​ការ​សិក្សា​បុរេសមិទ្ធិលទ្ធភាព រួមទាំងការពិនិត្យ និងប្រៀបធៀបចំពោះបច្ចេកទេសប្រព្រឹត្តិកម្ម​ច្រោះ​សម្អាតទឹកកខ្វក់​មួយចំនួន សមត្ថភាពចម្រោះសម្អាតទឹកកខ្វក់ និង ការចំណាយ​ចំពោះ​ការសាង​​សង់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើប្រតិបត្តិការ និងថែទាំប្រព័ន្ធចំពោះបច្ចេក​ទេសនីមួយៗ។  ឯកឧត្ដមបានបន្ដថា កិច្ចប្រជុំនេះផងដែរ គឺដើម្បីសិក្សាស្វែងរកឱ្យឃើញនូវគុណ​ប្រយោជន៍វិជ្ជមានបច្ចេកទេស ហើយសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចជាតិផងដែរ មុននឹងសម្រេចជ្រើសរើសបច្ចេកទេសណាមួយក្នុងការអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង នេះផងដែរ។ ជាមួយគ្នានោះ ក្រុមការងារ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ក៏បានជម្រាបជូន​ដំណឹង​ស្ដីពីការរៀបចំសិក្ខាសាលាអំពីកម្មវិធី WOW TO JAPAN ដែលគ្រោងនឹងរៀបចំ​ឡើង​ក្នុងខែកុម្ភៈខាងមុខនេះ ដើម្បីផ្សព្វផ្យាយអំពីការសាងសង់សាងល្បងនូវអាង​ប្រព្រឹត្តកម្ម​សហគមន៍ខ្នាតតូចមួយនៅស្រុកបាទី ខេត្តតាកែវ ដោយប្រើបច្ចេកវិទ្យា POD និង ដើម្បីបញ្ជ្រាបចំណេះដឹងលើបច្ចេក​ទេស​ចម្រោះទឹកកខ្វក់សហគមន៍ខ្នាតតូចបែបនេះ។  កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យលើលក្ខណៈពិសេស ការប្រើប្រាស់ គុណសម្បត្តិ និង​ប្រសិទ្ធ​ភាពនៃការចម្រោះទឹកកខ្វក់នៃបច្ចេកទេស POD នេះដែលអាចជាលទ្ធភាព​សម្រាប់​ការអនុវត្តច្រោះសម្អាតទឹកកខ្វក់ក្នុងសហគមន៍តូចៗ ក្នុងប្រទេសកម្ពុជាផងដែរ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង