ហ៊ានណាស់ ​ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពគាស់ទ្វារបន្ទប់ លួចយកម៉ូតូអស់៣គ្រឿង

រាជធានីភ្នំពេញ៖​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាស់សោទ្វារបន្ទប់ដាក់ម៉ូតូក្នុងផ្ទះជួលមួយន្លែងនៅតាមផ្លូវលំ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានលួចយកម៉ូតូចំនួនបីគ្រឿង កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹង​ថា មុនពេលកើតហេតុ មានបុរសម្នាក់ ដែលជាអ្នកស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ទើបតែចេញពីធ្វើការបានជិះម៉ូតូបម្រុងយកទុកនៅក្នុងបន្ទប់ដាក់ម៉ូតូ តែខណៈពេលនោះ ក៏ស្រាប់តែឃើញទ្វារបន្ទប់នោះចំហ និងឃើញមានបំណែកសោធ្លាក់រាយប៉ាយពេញដី ក៏បានឡើងទៅប្រាប់ម្ចាស់បន្ទប់ទាំងអស់​ ឱ្យចុះមកមើលមាននរណាបាត់បង់ម៉ូតូ ឬអត់។ ភ្លាមៗនោះ បន្ទាប់ពីម្ចាស់បន្ទប់ទាំងអស់​ បានចុះមកមើលទើបដឹងថា បាត់ម៉ូតូអស់ចំនួន៣គ្រឿង ហើយម៉ូតូដែលបានបាត់រួមមាន៖ ទី១.ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-3118 ។ ទី២-ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1P-5289 និងទី៣ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9589 ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។​ ជាមួយគ្នានោះ ប្រជាពលរដ្ឋស្នើដល់សមត្ថកិច្ចមូលដ្ឋាន មេត្តាបង្កើនចំណាត់ការ ដើម្បីការពារភូមិឃុំសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្ទះនេះសាងសង់បានរយៈពេលប្រមាណជាពីរខែប៉ុណ្ណោះ ដោយមានបន្ទប់ជួល ៣ជាន់ និងមានបន្ទប់មួយនៅជាន់ផ្ទាល់ដី ដែលជាបន្ទប់សម្រាប់ដាក់ម៉ូតូរបស់អ្នកជួល គឺត្រូវបានម្ចាស់ផ្ទះចែកកូនសោ​ ដើម្បីចាក់ដោយខ្លួនឯងពេលទៅដាក់នៅក្នុងបន្ទប់នោះ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង