យោធាហ្វីលីពីន ២ នាក់ស្លា.ប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះអំឡុងពេលហ្វឹកហាត់

កងទ័ពអាកាសហ្វីលីពីន បានឱ្យដឹងថា អ្នកបើកយន្តហោះដែលជាយោធា ២ នាក់បានស្លាប់នៅពេលដែលយន្តហោះរបស់ពួកគេបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់កាលពីថ្ងៃពុធទី ២៥ ខែមករា។  កងទ័ពអាកាស បានរាយការណ៍ថា យន្តហោះ SF-260 TP Marchetti បានធ្លាក់ចូលទៅក្នុងវាលស្រែមួយក្នុងខេត្ត Bataan ភាគខាងលិចនៃរដ្ឋធានីម៉ានីល បន្ទាប់ពីការហោះហើរបាន ៤០ នាទី ហើយការស៊ើបអង្កេតកំពុងដំណើរការលើមូលហេតុនៃឧបទ្ទវហេតុនេះ។ ខណៈ ការហ្វឹកហ្វឺនយន្តហោះ SF-260 TP ផ្សេងទៀតត្រូវបានបញ្ឈប់ជាបណ្ដោះអាសន្ន។   យន្តហោះដែលបានដំណើរការនៅក្នុងប្រទេសហ្វីលីពីនតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ នោះក៏បានបម្រើការជាយន្តហោះប្រយុទ្ធសម្រាប់វាយប្រហារស្រាលៗផងដែរ រួមទាំងក្នុងអំឡុងពេលជាច្រើនខែនៃការវាយប្រហារតាមអាកាសលើទីក្រុង Marawi ភាគខាងត្បូង បន្ទាប់ពីវាត្រូវបានកាន់កាប់ក្នុងឆ្នាំ ២០១៧ ដោយពួកសកម្មប្រយុទ្ធដែលស្មោះត្រង់នឹងរដ្ឋអ៊ីស្លាម។  មែនទែនទៅ ហ្វីលីពីន ​ជារឿយៗបានប្រឈមនឹង​ឧបទ្ទវហេតុ​​ពាក់ព័ន្ធ​នឹង​យន្តហោះ​ ដែល​ភាគច្រើនយន្តហោះទាំងនោះ​មាន​អាយុកាល​ចាស់ និង​មាន​អាយុកាល​តាំងពី​សម័យ​សង្រ្គាមនៅ​វៀតណាម។ សូមរំឭកថា នៅឆ្នាំ ២០២១ យន្តហោះយោធាសម្រាប់ប្រតិបត្តិការប្រឆាំងការបះបោរបានធ្លាក់ជាមួយនឹងមនុស្ស ៩៦ នាក់នៅលើយន្តហោះដោយបានសម្លាប់មនុស្ស ៥៣ នាក់នៅក្នុងឧបទ្ទវហេតុយោធាដ៏សោកសៅបំផុតរបស់ប្រទេសនេះក្នុងរយៈពេលជិត ៣ ទសវត្សរ៍៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង