ផ្លូវ២ខ្សែជាង១៤គីឡូម៉ែត្រ តភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់

កំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ ដែលមានប្រវែង​ ១៤.៦០៣ គីឡូម៉ែត្រ​ ដោយតភ្ជាប់ពីឃុំតាអុង​ ស្រុកចំការលើ រហូតដល់​ ឃុំសូភាស​ ទៅឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​។ លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវ២ខ្សែ ដែលត្រូវស្ថាបនា មានប្រវែងសរុប១៤,៦០៣ គ.ម ក្នុងនោះ ខ្សែទី១ គឺពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ៩,៨៨២ គ.ម ទទឹង៥ ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ ចិញ្ចើមសងខាង ០,៥ម និងសាងសង់លូប្រអប់មុខពីរ ១កន្លែង លូប្រអប់មុខមួយ ១ កន្លែង និងលូមូល ចំនួន៣១កន្លែង។  ខែ្សទី២ មានប្រវែង ៤,៧២១ គ.ម មានពីរកំណាត់ កំណាត់ទី១ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានប្រវែង ៣,៦៨១ គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម និងកំណាត់ទី២ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីភូមិអង្កោល ឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ១,០៤០ គ.ម ក្នុងនោះក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥ គ.ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម និងសាងសងលូមូល សរុបចំនួន ១៣កន្លែង។  អភិបាលខេត្តកំពង់ចាមបានលើកឡើងថា រដ្ឋបាលខេត្តបានខិតខំអភិវឌ្ឍន៍ឲ្យមានការស្ថាបនាផ្លូវដូចខាងលើ គឺក្នុងគោលបំណង ធ្វើឲ្យប្រជាពលរដ្ឋ មានលក្ខណប្រសើរឡើង ដល់ការធ្វើដំណើររស់នៅងាយស្រួល ដូចជាការធ្វើដំណើរ ទៅកាន់ទីផ្សារ និងសហគមន៍កសិកម្ម និងងាយស្វែងរកការងារធ្វើ ការទទួលបានសេវាសង្គម ផ្តោតផងដែរទៅលើសុវត្តិភាពសង្គម ភាពធន់ ការប្រែលប្រួលអាកាសធាតុ និងប្រសិទ្ធិភាពលើការចំណាយរបស់ប្រពលរដ្ឋ ក្នុងការធ្វើដំណើរលើបណ្តាញផ្លូវជនបទ ដែលបានកែលម្អរួច អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់រដូវកាល ពិសេសក្នុងតំបន់ដែលមានសក្តានុពល លើវិស័យកសិកម្មខ្ពស់ នៃខេត្តកំពង់ចាមយើង។  លោកអភិបាលខេត្ត ឱ្យដឹងផងដែរថា គម្រោងខាងលើនោះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន MTA Construction Co., Ltd ក្នុងការសាងសង់ផ្លូវប្រវែង ១៤,៦០៣ គ.ម នៅក្នុងសហគមន៍ដ៍មានសក្តានុពលកសិកម្មខ្ពស់។  ចំពោះការងារសាងសង់ផ្លូវ គឺប្រើរយៈពេល១៨ខែ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ គិតតាំងពីថ្ងៃចាប់ផ្តើមសាងសង់ផ្លូវតទៅ និងរយៈពេលធានាសុពលភាពផ្លូវ មានរយៈពេល២ឆ្នាំ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវសម្រេចបាន ១០០%៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង