អ្នកកជំនាញអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការជួសជុល កំពូលកណ្ដាលប្រាសាទតាព្រហ្ម ឱ្យមានសុវត្ថិភាពឡើងវិញ
សៀមរាប៖ ក្រុមអ្នកជំនាញឥណ្ឌា បានសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងរៀបចំសម្រួលកំពូលកណ្ដាលរបស់ប្រាសាទតាព្រហ្ម ដែលគេជឿងថា ជាកន្លែង(ប្រាជ្ញាបារមី)ជាកំពូលពិសេសបំផុតដែលនៅចំ ចំណុចកណ្ដាល នៃប្រាសាទតាព្រហ្ម ដើម្បីឱ្យកំពូលនេះ បានវិលទៅរកសភាពល្អប្រសើរឡើងវិញ។ លោកបណ្ឌិត Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម មានប្រសាសន៍ថា បច្ចុប្បន្នកំពូលកណ្ដាលនៃប្រាសាទតាព្រហ្ម ដែលគេស្គាល់ថា ជាកន្លែងប្រាជ្ញាបារមីនោះ បានរលុះថ្មពីលើធ្លាក់មកក្រោម មិនអាចឱ្យភ្ញៀវទេសចរចេញចូលបានទេ ដែលត្រូវតែធ្វើការរៀបចំឡើងវិញជាចាំបាច់។ លោកមានប្រសាសន៍ទៀតថា ដំណើរការរៀបចំកំពូលកណ្ដាលនៃប្រាសាទតាព្រហ្មឡើងវិញនេះ គឺធ្វើការសំអាត ហើយត្រូវស្វែងរកថ្ម ប្រសិនបើថ្មរលុះធ្លាក់ពីលើ គឺត្រូវយកទៅដាក់នៅកន្លែងដើមវិញ ។ក្នុងការស្វែងរកថ្មនេះដែរបើសិនជាឃើញថាថ្មណា បាក់បែកក៏ត្រូវជួសជុលហើយត្រូវរកទីតាំងដើមរបស់វា ព្រមទាំងយកបល្ល័ង្គធ្វើពីថ្មភក់ដ៏ធំមួយ ដែលគេគិតថាធ្លាប់ដាក់នៅចំកណ្ដាលនៃកំពូលនោះ ទៅដាក់នៅកន្លែងដើមវិញផង។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា បានឱ្យដឹងទៀតថាការរៀបចំកំពូលកណ្ដាលរបស់ប្រាសាទតាព្រហ្ម ឱ្យប្រសើរឡើងវិញនេះ គឺដើម្បីសុវត្ថិភាពភ្ញៀវទេសចរ ពីព្រោះថាជារៀងរាល់ថ្ងៃ គឺមានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរជាច្រើន ចូលចិត្តទៅទស្សនាទីនោះ ។ ប្រាសាទតាព្រហ្ម បានកសាងឡើងនៅអំឡុងឆ្នាំ១១៨៦នៃគ្រីស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គព្រះនាមចុឌាមុនីក្រោមរូបភាពប្រាជ្ញាបារមី។ប្រាសាទនេះ មានកំពូលជាច្រើន ប៉ុន្តែកំពូលនៅចំណុចកណ្ដាលរបស់ប្រាសាទនេះ ដែលគេហៅថាជាប្រាជ្ញាបារមី ត្រូវបានគេចាត់ទុកថាជាបេះដូង របស់ប្រាសាទទាំងមូល ហើយក៏ជាកំពូលពិសេសបំផុត ដែលគេជឿថាកាលពីសម័យបុរាណទីនោះ ក៏មានការដាក់តម្កល់ទេវរូបឬក៏អទិទេពអ្វីមួយសម្រាប់សក្ការៈបូជាផង។ជារៀងរាល់ថ្ងៃនៅកំពូលកណ្ដាលរបស់ប្រាសាទនេះ គឺមានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរជាច្រើនរយនាក់ តែងចេញចូលទៅទស្សនាឥតដាច់ ។ភ្ញៀវទេសចរណ៍ ដែលចូលចិត្តទៅទស្សនាទីនោះ ដោយសារតែមានដើមឈើធំៗដុះគ្របលើរបងប្រាសាទ ធ្វើឱ្យមានសម្រស់ទាក់ទាញម្យ៉ាង ព្រមទាំងធ្វើឱ្យពួកគេចូលចិត្តថតយករូបអនុស្សាវរីយ៍ផង៕ សម្រួលដោយ ទៀង បុណ្ណរី