មហាជនផ្ទុះកំហឹង នឹងសកម្មភាពគ្រូបង្រៀនយកកន្ត្រៃម៉ូទ័រឈូសសក់សិស្សសាលា
ខេត្តបាត់ដំបង៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសំដែងការមិនពេញចិត្តជាបន្តបន្ទាប់ ក្រោយពីបានឃើញរូបភាពអំពីសកម្មភាពរបស់គ្រូបង្រៀននៃវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ដែលបានប្រើកន្ត្រៃម៉ូទ័រឈូសសក់សិស្សប្រុសៗ ទាំងដែលសក់របស់ពួកគេនៅខ្លីនៅឡើយ…។ គ្រូបង្រៀននៃវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បានចុះឈូសសក់សិស្សប្រុសៗ ក្រោមហេតុផល អនុវត្តវិន័យ ប៉ុន្តែមហាជនយល់ថា ជាការអនុវត្តដែលខុសទំនង មិនអាចទទួលយកបាន ហួសហេតុ និងរំលោភសិទ្ធិបុគ្គល ព្រមទាំងស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលើករណីនេះផងដែរ។ មិនគាំទ្រទេ..! ហួសហេតុ សក់មិនសូវវែងផង, តាមមើលរូបភាព ប្អូនៗសុទ្ធតែសក់ខ្លី ចេញគុម្ពត្រចៀកទាំងអស់ អត់បាំង ឬគ្របទេ ហេតុអ្វី លោកគ្រូ នៅតែឈូសសក់ពួកគាត់ទៀត? កាលជំនាន់ខ្ញុំនៅរៀន២០២១ សក់ទាល់តែគ្របត្រចៀក បានគ្រូកាត់ ហើយកាត់ដោយកន្ត្រៃទេ ច្រិបបន្តិចៗ..។ អ្នកខមិនម្នាក់ទៀតបានឱ្យដឹងថា MoEYS Cambodia [ក្រសួងអប់រំ យុវជន និងកីឡា] សូមត្រួតពិនិត្យវិន័យសាលានេះផង ! មើលទៅ..នេះមិនមែនជាការអនុវត្តវិន័យសាលាទេ តែនេះជាការរំលោភសិទ្ធិបុគ្គលច្រើនជាង សង្ឃឹមថា នឹងមានវិធានការត្រឹមត្រូវ និងសមស្របចំពោះសិស្សនៅសាលាមួយនេះ អរគុណ។ ទាំងនេះជាការបញ្ចេញមតិពីសំណាក់អ្នកលេងបណ្តាញសង្គមដែលបានសំដែងការមិនពេញចិត្តចំពោះសកម្មភាពកាត់សក់សិស្សរបស់គ្រូបង្រៀននៃវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន។ យ៉ាងណាមិញ ក្រោយការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន បច្ចុប្បន្ន គ្រូបង្រៀននៃវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន មិនទាន់បានឆ្លើយតបទៅក្រុមអ្នករិះគន់នៅឡើយទេ។ ប៉ុន្តែលោក រស់ សុវាចា បានឆ្លើយតប មកកាន់ ធី អិន អឹម នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះថា ក្រសួងអប់រំ យុវជន និងកីឡាកំពុងពិនិត្យករណីនេះ។ ជាទូទៅ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយករណីបាតុភាពផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។ បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការតាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា..៕ សម្រួលដោយ ទៀង បុណ្ណរី