បងប្អូនរស់នៅភាគឦសាន្ត សូមថែរក្សាសុខភាព ! អាកាសធាតុបន្តចុះត្រជាក់ដល់១៥អង្សា រហូតដល់ដំណាច់ខែមករា
រាជធានីភ្នំពេញ៖ អាកាសធាតុនៅកម្ពុជា នឹងបន្តចុះត្រជាក់ទាបបំផុតដល់១៥អង្សា រហូតដល់ដំណាច់ខែមករានេះ នៅតំបន់ខ្ពង់រាប ដូចជាខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសារឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសាន្ត នេះបើយោងតាម ការចេញផ្សាយពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣…។ រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា ពោលគឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីទនុងនៃសម្ពាធ ខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៨ ទៅ២២ °C, សីតុណ្ហភាពអតិបរមាពី ២៨ ទៅ៣៣ °C, អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៥ទៅ២០ °C, សីតុណ្ហភាពអតិបរមាពី ២៨ទៅ៣១ °C, ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និង ឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧១C នៅពេលព្រឹកនិងនៅពេលយប់ ។ តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២១ទៅ២៣ °C, សីតុណ្ហភាពអតិបរមាពី ៣០ទៅ៣៣ °C, នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់៕ សម្រួលដោយ ទៀង បុណ្ណរី