តម្លៃ​ប្រេង​ធ្លាក់​ចុះ ដោយសារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅតំបន់អាស៊ីបូព៌ា

តម្លៃប្រេងបានធ្លាក់ចុះទាបនៅក្នុងការជួញដូរដំបូងនៅថ្ងៃចន្ទទី ២៣ ខែមករា ដែលធ្លាក់ចុះដោយសារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅតំបន់អាស៊ីបូព៌ា។ ប៉ុន្តែរក្សាបាននូវការកើនឡើងភាគច្រើនកាលពីសប្តាហ៍មុនលើការរំពឹងទុកនៃការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់អ្នកនាំចូលប្រេងកំពូលប្រទេសចិននៅឆ្នាំនេះ។  តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៤៦ សេន ឬ ០,៥ ភាគរយមកត្រឹម ៨៧,១៧ ដុល្លារ ខណៈពេលដែលប្រេងឆៅរបស់អាម៉េរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៤០ សេន ហើយក៏ធ្លាក់ចុះ ០,៥ ភាគរយមកត្រឹម ៨១,២៤ ដុល្លារក្នុងមួយបារ៉ែល។ កាលពីសប្តាហ៍មុន ប្រេង Brent បានកើនឡើង ២,៨ ភាគរយខណៈពេលដែលសន្ទស្សន៍គោលរបស់សហរដ្ឋអាម៉េរិកបានកត់ត្រាការកើនឡើង ១,៨ ភាគរយ។នកវិភាគទំនិញរបស់ធនាគារ ANZ បានបង្ហាញនៅក្នុងកំណត់ត្រាមួយថា ទិន្នន័យបង្ហាញពីការកើនឡើងយ៉ាងរឹងមាំក្នុងការធ្វើដំណើរក្នុងប្រទេសចិន បន្ទាប់ពីវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានបន្ធូរបន្ថយ ដោយចង្អុលទៅការកើនឡើង ២២ ភាគរយនៅក្នុងការកកស្ទះចរាចរណ៍នៅខែនេះធៀបនឹងឆ្នាំមុននៅក្នុងទីក្រុងសំខាន់ៗចំនួន ១៥ របស់ប្រទេសចិន។  ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ លោក Fatih Birol កាលពីថ្ងៃសុក្របាននិយាយថា ទីផ្សារថាមពលអាចរឹតបន្តឹងនៅឆ្នាំនេះ ប្រសិនបើសេដ្ឋកិច្ចចិនងើបឡើងវិញដូចដែលស្ថាប័នហិរញ្ញវត្ថុរំពឹងទុក។ លោក Birol បានប្រាប់សារព័ត៌មានរ៉យទ័រដោយនិយាយនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសថា៖«ខ្ញុំនឹងមិនព្រងើយកន្តើយពេកអំពីទីផ្សារទេ ហើយឆ្នាំ ២០២៣ អាចជាឆ្នាំដែលយើងឃើញទីផ្សារតឹងតែងជាងសហសេវិកមួយចំនួនគិត»។   ការកើនឡើងនៃចរាចរណ៍របស់ប្រទេសចិននៅមុនថ្ងៃបុណ្យចូលឆ្នាំចិន បង្ហាញពីតម្រូវការប្រេងឥន្ធនៈ បន្ទាប់ពីវិស្សមកាលរយៈពេលពីរសប្តាហ៍។ អ្នកវិភាគ ANZ បានលើកឡើងថា ការកើនឡើងនៃតម្រូវការដែលរំពឹងទុកកើតឡើងនៅពេលដែលទីផ្សារកំពុងរៀបចំការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រេងរុស្ស៊ី។  សហភាពអឺរ៉ុប និងសម្ព័ន្ធភាពនៃក្រុមប្រទេសទាំងប្រាំពីរ (G7) នឹងកំណត់តម្លៃផលិតផលចម្រាញ់របស់រុស្ស៊ី ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ បន្ថែមពីលើការកម្រិតម្លៃតម្លៃប្រេងឆៅរបស់រុស្សីចាប់តាំងពីខែធ្នូ និងការដាក់ទណ្ឌកម្មសហភាពអឺរ៉ុបលើការនាំចូលប្រេងឆៅពីរុស្ស៊ីតាមសមុទ្រ។ G7 បានយល់ព្រមពន្យារពេលការពិនិត្យឡើងវិញនៃកម្រិតតម្លៃប្រេងរបស់រុស្ស៊ីដល់ខែមីនា មួយខែក្រោយការគ្រោងទុកដំបូង ដើម្បីផ្តល់ពេលវេលាដើម្បីវាយតម្លៃផលប៉ះពាល់នៃតម្លៃផលិតផលប្រេង៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង