បារាំងនឹងបង្កើនការចំណាយលើវិស័យយោធារហូតដល់ ៤៤៧ ពាន់លានដុល្លារ
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់កាលពីថ្ងៃសុក្រទី ២០ ខែមករាថា ប្រទេសបារាំងនឹងបង្កើនការចំណាយលើវិស័យយោធាច្រើនជាងមួយភាគបីនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខណៈដែលលោកបានបង្ហាញមហិច្ឆតាក្នុងការពង្រឹងកងទ័ពបារាំង ដើម្បីដោះស្រាយជាមួយនឹងគ្រោះថ្នាក់ដ៏ធំនៃសតវត្សរ៍នេះ។ ដោយទទួលស្គាល់ការបញ្ចប់នៃភាគលាភសន្តិភាពនៃយុគសម័យក្រោយសង្គ្រាមត្រជាក់ លោក Macron បាននិយាយថា ថវិកាដែលបានគ្រោងទុកសម្រាប់ការចំណាយពីឆ្នាំ ២០២៤ ដល់ ២០៣០ នឹងពង្រឹងការត្រៀមខ្លួនសម្រាប់យោធាទៅនឹងលទ្ធភាពនៃជម្លោះដែលមានកម្រិតខ្លាំង ដែលបានធ្វើឱ្យមានភាពបន្ទាន់កាន់តែច្រើនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនស្ទើរតែ ១១ ជាច្រើនខែកន្លងមក។ លោក Macron បាននិយាយថា ថវិកាសម្រាប់រយៈពេលនេះនឹងមានចំនួន ៤១៣ ពាន់លានអឺរ៉ូឬស្មើនឹង ៤៤៧ ពាន់លានដុល្លារ កើនឡើងពីចំនួន ២៩៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០១៩-២០២៥ ដែលនឹងមានន័យថានៅឆ្នាំ ២០៣០ ថវិកាយោធារបស់ប្រទេសបារាំងនឹងកើនឡើងទ្វេដងចាប់តាំងពីលោកបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៧។ លោក Macron បាននិយាយនៅឯមូលដ្ឋានទ័ពអាកាស Mont-de-Marsan នៅភាគនិរតីនៃប្រទេសបារាំងថា នៅពេលដែលសង្រ្គាមកំពុងផ្លាស់ប្ដូរ ប្រទេសបារាំងមាន ហើយនឹងមានកងទ័ពត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រោះថ្នាក់នៃសតវត្សរ៍។ លោក បានបន្តថា ៖«យើងប្រហែលជាមានសង្រ្គាមមួយនៅពេលខាងមុខ»។ មេដឹកនាំរូបនេះបានបន្ថែមថា បារាំងនឹងវិនិយោគយ៉ាងច្រើនទៅលើយន្តហោះគ្មានមនុស្សបើក និងចារកម្មយោធា ជាតំបន់ដែលមន្ត្រីបារាំងនិយាយថា ជម្លោះនាពេលថ្មីៗនេះបានលាតត្រដាងចន្លោះប្រហោង ហើយថាយោធាគួរតែផ្តោតលើយុទ្ធសាស្ត្រនៃជម្លោះដែលមានកម្រិតខ្លាំង។ សុន្ទរកថារបស់លោក Macron បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិមកពីអង្គការណាតូ និងប្រទេសដទៃទៀតកំពុងជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ចំពេលមានការព្រមានថា រុស្ស៊ីនឹងបង្កើនការឈ្លានពានឡើងវិញក្នុងពេលឆាប់ៗនេះ ដែលខ្លួនបានដណ្តើមយកផ្នែកខ្លះនៃភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន។ ទោះបីជាបារាំងជាប្រទេសនាំចេញអាវុធធំជាងគេទី ៣ របស់ពិភពលោក និងជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់របស់សហភាពអឺរ៉ុបក៏ដោយ ក៏ប្រទេសនេះស្ថិតនៅក្រោមការរិះគន់ចំពោះការមិនបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ទីក្រុងកៀវ។ លោក Macron មិនបានប្រកាសពីការគាំទ្រថ្មីសម្រាប់អ៊ុយក្រែនទេ ប៉ុន្តែបាននិយាយថា បារាំងត្រូវតែត្រៀមខ្លួនសម្រាប់យុគសម័យថ្មី ដោយមានការគម្រាមកំហែងច្រើន។ លោកក៏បាននិយាយផងដែរថា ប្រទេសបារាំងនឹងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត ហើយនឹងកើនឡើងជិត ៦០% នៃថវិកាសម្រាប់ការស៊ើបការណ៍យោធា។ ជាចុងក្រោយ លោក Macron បានបញ្ជាក់ផងដែរថា បារាំងនឹងយកចិត្តទុកដាក់ជាពិសេសចំពោះវត្តមានយោធារបស់ខ្លួននៅក្នុងទឹកដីក្រៅប្រទេស ជាពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលការគំរាមកំហែងថ្មីៗកំពុងកើតឡើង៕ សម្រួលដោយ ទៀង បុណ្ណរី