កម្ពុជា ដាក់ចេញច្បាប់វិនិយោគថ្មី ជំរុញវិស័យឯកជនឱ្យវិនិយោគបន្ថែម

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មី ដែលគាំទ្រដល់បរិស្ថាន និងបានលើកទឹកចិត្តវិស័យហិរញ្ញវត្តុ ដើម្បីជំរុញវិស័យឯកជនឱ្យវិនិយោគ​បន្ថែម សំដៅឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។  ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងបែបនេះ នៅក្នុងអង្គវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធាន​បទ ស្តីពីការសន្យាបៃតងរបស់អាស៊ាន “ASEAN’s Green Promise” ប្រទេសស្វីស ដោយបានបង្ហាញ​ការ​ព្រួយបារម្ភពីផលប៉ះពាល់ជាអវិជ្ជមាន ​ដែលបណ្តាលមក​ពី​បម្រែបម្រួល​អាកាសធាតុ និង​កាតព្វកិច្ច​ចម្បងក្នុងការចូលរួមការពារជនងាយរងគ្រោះនៅក្នុងសង្គម។  ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីការផ្តួចផ្តើមរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២កន្លង ដែលកម្ពុជាបាន​ផ្តួចផ្តើម​គំនិតបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូល​អាស៊ាន​ឆ្នាំ២០២២ ក្នុងគោលបំណងដឹកនាំអាស៊ានឆ្ពោះទៅរកអនាគតបៃតង ​មានកម្រិតឧស្ម័នកាបូនិកទាប និងប្រកបដោយចីរភាព។ ​ការផ្តួចផ្តើមគំនិតនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិ​អាកាសធាតុ ជាពិសេស​ ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹត្យភាពកាបូន។  ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា​ គ្រប់វិស័យទាំងអស់គួរតែដើរទន្ទឹមគ្នាទាំងកម្មវិធី និងគម្រោង​ផ្សេងៗ សំដៅកាត់បន្ថយការបំភាយឧស្ម័ន​កាបូនិក ដើម្បីឆ្លើយបទទៅនឹងការប្តេជ្ញាចិត្តរបស់កម្ពុជា​ដែលបានសន្យា​នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ស្តីពីបរិស្ថាន និងនៅក្នុងកិច្ចប្រជុំ COP26 កន្លងមក។  ឯកឧត្តមរដ្ឋមន្រ្តី ​បានបន្ថែមទៀតថា​ កម្ពុជាជាផ្នែកមួយនៃអាស៊ាន និងកំពុងធ្វើការ​សហការគ្នា​សំដៅ​រៀបចំយុទ្ធសាស្ត្រអាស៊ាន ​ស្តីពីអព្យាក្រឹត្យភាពកាបូន។  ជាក់ស្តែង នៅខែធ្នូឆ្នាំ២០២២ ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ចអាស៊ាន​ទើបតែបានអនុម័តនូវ​ឯកសារ​ទស្សនៈទាន សម្រាប់រៀបចំយុទ្ធសាស្ត្រខាងលើនេះរួចទៅហើយ នៅក្នុងអំឡុងពេលកិច្ច​ប្រជុំរដ្ឋ​មន្ត្រីដឹកជញ្ជូន ថាមពល និងកសិកម្ម ​ដែលជាកិច្ចប្រជុំអមនៃកិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០ និង៤១។ នាពេលបច្ចុប្បន្ននេះ ​កម្ពុជាស្ថិតលើមាគ៌ាឆ្ពោះទៅរកប្រទេសដែល​មាន​អព្យាក្រឹត្យភាពកាបូន៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង