ផ្ទុះកប៉ាល់ដឹកប្រេងនៅ ថៃ បំផ្លាញផ្ទះជាង ៧០ ខ្នង និងមនុស្សស្លាប់-របួសជាង ១០ នាក់
ប្រទេសថៃ ៖ កប៉ាល់ដឹកប្រេងខ្នាតយក្សមួយគ្រឿង បានផ្ទុះឡើងដូចផ្ទុះគ្រាប់បរមាណូ ដែលកម្លាំងរញ្ជួយធ្វើឲ្យខូចខាតផ្ទះជាង ៧០ ខ្នង និងសម្លាប់មនុស្សជាច្រើននាក់ផងដែរ ខណៈក្រុមជាងកំពុងធ្វើការជួសជុល។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចភូមិ ៨ ឃុំឡេះយ៉ៃ ស្រុកមឿង ខេត្តសមុទ្រសុងក្រាម ប្រទេសថៃ ។ តាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា កប៉ាល់ទឹកខ្នាតយក្សមួយនេះ បានចូលចតដើម្បីធ្វើការជួសជុល តាំងពីថ្ងៃទី ១២ មកម្ល៉េះ លុះមកដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលក្រុមជាងកំពុងជួសជុល ដោយខ្លះកំពុងផ្សារដែកផង ស្រាប់តែតួ កប៉ាល់មួយនេះ បានផ្ទុះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅថែមទៀតផង។ នៅក្នុងហេតុការណ៍នោះដែរ រថយន្តអគ្គិភ័យប្រមាណជាង ១០ គ្រឿង បានសម្រុកមកជួយបាញ់ពន្លត់រហូតដល់ម៉ោង ១ និង ២៥ នាទី ទើបស្ងប់ ដោយសមត្ថកិច្ចបានអះអាងថា មានមនុស្សស្លាប់ភ្លាមៗចំនួន ២ នាក់ រីឯ ៤ នាក់ទៀត របួសធ្ងន់ កំពុងបញ្ជូនទៅសង្គ្រោះ ព្រមទាំងមានមនុស្សបាត់ខ្លួនចំនួន ៦ នាក់ផងដែរ។ យោងតាមតួលេខ កប៉ាល់នេះមានទម្ងន់ ២.៩៩៦ តោន និងអាចផ្ទុកប្រេងបាន ៣ លានលីត្រ ដោយឡែកពេលចូលចតដើម្បីជួសជុលនេះ គឺមានប្រេងនៅសល់ ៤៥.០០០ លីត្រ ហើយការផ្ទុះកប៉ាល់នេះ បានធ្វើឲ្យផ្ទះនៅក្នុងតំបន់នោះ ត្រូវបានខូចខាតជាង ៧០ ខ្នង និងងាប់សត្វឆ្កែ និងសត្វពាហនៈមួយចំនួនផងដែរ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ កំពុងធ្វើការស្នើសុំឲ្យសមត្ថកិច្ចជំនាញ ជួយដោះស្រាយដើម្បីទាមទារសំណងដល់ពួកគាត់៕ សម្រួលដោយ ទៀហ បុណ្ណរី