រុស្ស៊ី ប្រកាសរុះរើទ្រង់ទ្រាយធំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធ
ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែមករាថា ខ្លួននឹងធ្វើការផ្លាស់ប្តូរដ៏សំខាន់ក្នុងជួរកងកម្លាំងប្រដាប់អាវុធចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដោយសន្យាថា នឹងរុះរើរចនាសម្ព័ន្ធយោធារបស់ខ្លួន បន្ទាប់ពីមានការលំបាករយៈពេលច្រើនខែក្នុងសមរភូមិនៅអ៊ុយក្រែន។ បន្ថែមពីលើកំណែទម្រង់រដ្ឋបាល, ក្រសួងការពារជាតិនិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពប្រយុទ្ធនៃកងកម្លាំងទ័ពជើងទឹក លំហអាកាស និងកងម្លាំងមីស៊ីលយុទ្ធសាស្ត្រ។ រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និយាយថា “មានតែតាមរយៈការរចនាសម្ព័ន្ធសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ ទើបអាចធានាសន្តិសុខយោធារបស់រដ្ឋ និងការពារអង្គភាពថ្មី និងកន្លែងសំខាន់ៗរបស់សហព័ន្ធរុស្ស៊ីបាន”។ ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ការរុះរើនេះគឺត្រូវធ្វើឡើងយ៉ាងចាំបាច់ដោយសារតែសង្រ្គាមប្រូកស៊ី ដែលប្រទេសលោកខាងលិចកំពុងធ្វើនៅអ៊ុយក្រែន។ បស្ចិមប្រទេស បាននិងកំពុងបញ្ជូនអាវុធធុនធ្ងន់កាន់តែខ្លាំង ទៅអ៊ុយក្រែន ដើម្បីជួយទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ ហើយផែនការបង្កើនកងទ័ពឈរជើងរបស់ខ្លួន ដល់ប្រហែល ១.៥ លាននាក់ គឺចាំបាច់សម្រាប់សុវត្ថិភាពរបស់ខ្លួន។ ក្រសួងការពារជាតិ បានប្តេជ្ញាកាលពីខែធ្នូឆ្នាំ២០២២ថា ផែនការថ្មី នឹងបង្កើនបុគ្គលិកយោធារបស់ខ្លួនដល់ទៅ ១.៥លាននាក់។ រុស្ស៊ីបានធ្វើការកែប្រែជាច្រើនចំពោះការដឹកនាំរបស់ខ្លួនក្នុងរយៈពេល១១ខែ នៃអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស”។ ដំបូងឡើយ កងកម្លាំងរបស់ខ្លួន បានដណ្តើមយកតំបន់ធំនៃភាគខាងត្បូង និងខាងកើតរបស់អ៊ុយក្រែន ប៉ុន្តែចាប់តាំងពីពេលនោះ រុស្ស៊ីមកបានទទួលរងនូវបរាជ័យ និងការដកថយដ៏ឈឺចាប់ជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន លោក Shoigu បានតែងតាំងមេទ័ព Valery Gerasimov ដែលជាប្រធានអគ្គសេនាធិការយោធា ឲ្យទទួលបន្ទុកយុទ្ធនាការនៅអ៊ុយក្រែន៕ សម្រួលដោយ ទៀង បុណ្ណរី