ក្រសួងទេសចរណ៍​ លើកកម្ពស់វិស័យទេសចរណ៍គ្មានផ្សែងបារី​ តាមរយៈការរៀបចំឲ្យមានទីក្រុងទេសចរណ៍គ្មានផ្សែងបារី

ភ្នំពេញ៖​ ក្រសួងទេសចរណ៍ បានដាក់ចេញនូវគោលការណ៍ណែនាំស្តីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងការពារវិស័យទេសចរ ណ៍ពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ក៏ដូចជាបន្ថែមគុណប្រយោជន៍ដល់វិស័យទេសចរណ៍។​ នេះជាការបញ្ជាក់របស់លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍​ នាថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៣។ លោក ហោ សារុន​ បានបន្ថែមថា​ ក្រសួងទេសចរណ៍មានការគិតគូរពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ និងបានធ្វើការងារជាច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់នេះមកដល់សុខភាព សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការកសាង​វិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី។  លោកបានបន្ថែមថា​ កន្លងមកក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅក្នុងចំណោមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ និងបានលើកទឹកចិត្តឲ្យចូលរួមអនុវត្តទាំងអស់គ្នាដែលក្នុងនោះក្រសួងទេសចរណ៍ក៏ធ្លាប់បានផ្តល់ជូនពាន និងបណ្ណសរសើរដល់បណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីផងដែរ។  ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ត្រូវបានធ្វើស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដែលមានគោលបំណងជំរុញឲ្យមូលដ្ឋានអាជីវកម្មសេវា កម្មទេសចរណ៍ អនុវត្តតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលុបបំបាត់ការជក់បារី ឬការប្រើប្រាស់ផលិតផលថ្នាំជក់នៅកន្លែងដែលច្បាប់បានហាមឃាត់។  លោក ហោ សារុន បានបញ្ជាក់ដែរថា ការដាក់ចេញនូវគោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះនឹងជួយពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែង បារីក្នុងវិស័យទេសចរណ៍ ព្រមទាំងជួយឲ្យមានការចូលរួមពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការលើកកម្ពស់ការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដើម្បីធានាបានកម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង។  លោកបានអះអាងទៀតថា​ ផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ ត្រូវបានយកចិត្តទុកដាក់គិតគូរជាសកលពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់ ដោយសារផលប៉ះពាល់នេះមានទំហំធំធេង ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យមានការខាតបង់ដល់សេដ្ឋកិច្ច បង្កើតបន្ទុកសង្គម និងប៉ះពាល់ដល់បរិស្ថានទៀតផង។  សូមជម្រាបដែរថា​ គោលការណ៍ណែនាំស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីនេះមានគោលបំណង ដើម្បីជំរុញឲ្យការ អនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា ស្តីពីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍កាន់តែមាន ប្រសិទ្ធភាព តាមរយៈការចូលរួមពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងផ្តល់ការទទួលស្គាល់ក្រុង ស្រុក ខណ្ឌ ដែលអនុវត្តបានល្អជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង