រថភ្លើងដឹកប្រេងបុកជាមួយរថយន្តដឹកថ្មមួយទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើងកណ្តាលផ្លូវហៃវ៉េ
ខេត្តបាត់ដំបង៖ រថភ្លើងដឹកប្រេងសាំងបុកពេញទំហឹងជាមួយរថយន្តធុនធ្ងន់ដឹកថ្មបណ្តាលឱ្យក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដឹកសាទែនប្រេងមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង( ភ្នំពេញ មកបាត់ដំបង) លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តធុនធ្ងន់ដឹកថ្មពណ៌ខៀវ ម៉ាក HYUNDAI មួយគ្រឿងគ្មានផ្លាកលេខ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត ដែលបើទោះបីជារថភ្លើងស៊ីផ្លេ ក៏ដូចជាប្រធានផ្នែកបើករថភ្លើងឈរស្ទាក់យ៉ាងណាក្ដី តែខាងតៃកុងរថយន្តមិនបានអង្អង់ទេ ទើបបណ្តាលឱ្យរថភ្លើងបុកពេញទំហឹងក្រឡាប់ផ្ងារជើងទាំងពីរគ្រឿងតែម្ដង។ រថភ្លើងបើកបរដោយបុរសម្នាក់ឈ្មោះ សយ សម្បត្តិ អាយុ៥៧ឆ្នាំ ចំណែកឯរថយន្តធុនធ្ងន់បើកបរដោយបុរសម្នាក់ឈ្មោះ ស្វាយ រឿន អាយុ៤៦ឆ្នាំ រស់នៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានរងការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់៕ សម្រួលដោយ ទៀង បុណ្ណរី