កសិករខេត្តពោធិ៍សាត់ជួបគ្រោះទឹកជំនន់២រដូវជាប់ៗ ត្រូវបានអន្តរាគមន៍សង្គ្រោះបន្ទាន់ពីថ្នាក់លើនិងថ្នាក់ខេត្ត
ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ ជាមួយប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អមដំណើរដោយ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំមន្ត្រីជំនាញនិងមន្ទីរពាក់ព័ន្ធ ចុះវាយតម្លៃស្ថានភាពគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ខុសរដូវនៅរដូវប្រាំង ធ្វើឲ្យដំណាំស្រូវប្រជាពលរដ្ឋខូចខាតជាលើទី០២បន្ទាប់ពីរដូវវស្សាកន្លងរួច ដើម្បីធ្វើការស្នើសុំស្បៀងសង្គ្រោះបន្ទាន់និងស្រូវពូជពីគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា សម្រាប់មានលទ្ធភាពស្ដារឡើងវិញ។ ការចុះត្រួតពិនិត្យគ្រោះមហន្តរាយធម្មជាតិដោយទឹកជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ គឺនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅលើផ្ទៃ១១៥ហិតា ស្ថិតនៅទីតាំង០៣ភូមិទី១ ភូមិកំប៉ាង ទី២ភូមិកំពោតអាង ទី៣ភូមិច្រប ក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោក ខូយ រីដា បានថ្លែងថា បើតាមការពិនិត្យជាក់ស្ដែងពីមន្ត្រីជំនាញក្នុងភូមិសាស្ត្រនេះមានចំនួន(១១៥ហិតា) បីភូមិខាងលើ ដែលកំពុងប្រឈមមុខនឹងការខូចខាត និងមានតាមបណ្ដាស្រុក/ក្រុងផ្សេងទៀតក៏មានរងគ្រោះធ្ងន់ធ្ងរផងដែរ ដូចជានៅខាងស្រុកកណ្ដៀង មានឃុំអ្លុងវិល ឃុំស្យា ឃុំកញ្ជរ លើផ្ទៃដី(១,២៤០ហិតា)។ លោកអភិបាលខេត្តបន្តថា ក្នុងទិន្នន័យនោះ បានបន្ថែមថា ផ្ទៃដីអនុវត្តសរុបលើដំណាំស្រូវ មានចំនួន១៥,៤៦១ហិកតា ស្មើនឹង៥៥ភូមិ ១២ឃុំ ៤ស្រុក និង១ក្រុង។ ផ្ទៃដីសរុបដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង លើដំណាំស្រូវ មានចំនួន១,៩៣៧ហិកតា ស្មើនឹង១២.៥៣% នៃផ្ទៃដីអនុវត្ត។ សម្រាប់ផ្ទៃដីសរុបដែលសង្គ្រោះបានលើដំណាំស្រូវ មានចំនួន១៩២.៥០ហិកតា ស្មើនឹង៩.៩៤% នៃផ្ទៃដីប៉ះពាល់ ដោយឡែកផ្ទៃដីដែលប៉ះពាល់ ប្រសិនបើទឹកនឹងស្រកយឺត រយៈពេលមួយអាទិត្យទៀតនឹងមានការខូចខាត។ រូបលោកនិងលោក សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ និងមន្ត្រីជំនាញក្នុងខេត្ត សូមផ្តាំផ្ញើ និងលើកទឹកចិត្ត ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវបន្តទៀត, លោកនឹងនៅពីក្រោយជួយដោះស្រាយគ្រប់បែបយ៉ាង ធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារបង្កបង្កើនផលស្រូវឱ្យបានចប់ចុងចប់ដើម៕ សម្រួលដោយ ទៀង បុណ្ណរី