សម្ដេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរឱ្យចាត់វិធានការលើអំពើខុសច្បាប់នៅតំបន់បេតិកភណ្ឌអង្គរ
សៀមរាប៖ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យអាជ្ញាធរខេត្តសៀមរាប និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ត្រូវបន្តសហការជិតស្និតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌជាតិ ពិសេសកិច្ចការស្រាវជ្រាវ និងអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្ក្រាបអំពើខុសច្បាប់ ការបំផ្លិចបំផ្លាញ ការជីកកកាយវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ការលួចប្លន់ ការទិញលក់ ការដឹកជញ្ជូន ដោយបញ្ជូនជនល្មើស និងវត្ថុតាងទៅតុលាការតចាត់វិធានការតាមច្បាប់។ ការលើកឡើងនេះបានធ្វើក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ប្រារព្ធនៅខេត្តសៀមរាប ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរពិនិត្យការរៀបចំកំណត់ទីតាំងឈរជើងការពារជាអាទិភាពជាថ្មី និងការចល័តយាមល្បាតពង្រឹងការឃ្លាំមើល មិនអនុញ្ញាតឱ្យមានការចេញចូលតំបន់ហាមឃាត់ ចំពោះបុគ្គលិកទាំងឡាយណាដែលពុំមានភារកិច្ច និងគ្មានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា ពិសេសនៅពេលយប់តាមចំណុចសំខាន់ៗនៃតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត។ សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ថា ការពង្រឹងការការពារ គឺដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរីកចម្រើន និងស្ថានភាពប្រែប្រួលស្មុគស្មាញនៃបទល្មើសនានា។ អង្គភាពនគរបាលការពរបេតិកភណ្ឌ ត្រូវបង្កើនការអប់រំ និងពង្រឹងសីលធម៌ វិន័យកងកម្លាំង និងមនសិកាវិជ្ជាជីវៈ ស្រឡាញ់បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្ការ និងកាត់បន្ថយអំពើអនាធិបតេយ្យនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជាការបោះទីតាំងស្នាក់នៅ ទីកន្លែងធ្វើអាជីវកម្ម និងសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានសុំការអនុវត្តស្របច្បាប់ពីអាជ្ញាធរជាតិអប្សរា។ បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ណែនាំអង្គភាពនគរបាលការពារបេតិកភណ្ឌ បន្តពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីក្នុងកិច្ចការពារសុវត្ថិភាពសន្តិសុខភ្ញៀវជាតិ និងអន្តរជាតិដែលមកបំពេញបេសកកម្ម និងទស្សនៈកិច្ចនៅតំបន់អង្គរ និងតំបន់ផ្សេងទៀត៕ សម្រួលដោយ ទៀង បុណ្ណរី