ព័ត៌មានអន្ដរជាតិរដ្ឋកាលីហ្វ័រញ៉ា រងទុក្ខធ្ងន់ ខណៈត្រូវវាយប្រហារដោយព្យុះធំទី៩

ខណៈដែលឆ្នេរសមុទ្រភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងទប់ទល់នឹងព្យុះដ៏ធំទីប្រាំបួនក្នុងរយៈពេលបីសប្តាហ៍នោះ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីពង្រឹងការឆ្លើយតបជាបន្ទាន់បន្ថែមទៀត ខណៈរដ្ឋរបស់គាត់ ប្រឈមនឹងទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ។   ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារទី១៧ខែមករានេះ ការិយាល័យរបស់លោក Newsom និយាយថា ការវាយលុកដោយភ្លៀងធ្លាក់ឥតឈប់ និងខ្យល់ព្យុះខ្លាំង បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច២០នាក់ និងបង្ខំឲ្យមានការជម្លៀសអ្នកស្រុករាប់ម៉ឺននាក់។  បទបញ្ជាប្រតិបត្តិចុងក្រោយនេះ កើតឡើងពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថា ស្ថានភាពនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាគឺជា គ្រោះមហន្តរាយដ៏ធំមួយ និងបានបញ្ជាឲ្យផ្តល់ជំនួយបន្ថែមពីសហព័ន្ធសម្រាប់រដ្ឋដែលលិចទឹកមួយនេះ។   កិច្ចខិតខំប្រឹងប្រែងបោសសម្អាតកំពុងដំណើរការ ខណៈរដ្ឋកាលីហ្វ័រញ៉ា បន្តស៊ូទ្រាំនឹងឥទ្ធិពលនៃព្យុះ ស្របពេលការព្រមានអំពីទឹកជំនន់ និងបទបញ្ជាជម្លៀស នៅតែមានសម្រាប់តំបន់នានា រួមទាំង Monterey ដែលជាតំបន់ដ៏ល្បីល្បាញសម្រាប់ឆ្នេរសមុទ្រ និងផ្លូវហាយវេដែលមានច្រាំងថ្មចោតផងដែរ។  នៅតំបន់ San Diego ជិតព្រំដែនជាមួយប្រទេសម៉ិកស៊ិក កាសែត Los Angeles Times បានរាយការណ៍ថា មនុស្សចំនួន៩នាក់ ត្រូវបានជួយសង្គ្រោះពីទឹកដែលហូរយ៉ាងលឿន។   ការរអិលបាក់ដីបានបង្ខំឲ្យជម្លៀសមនុស្សចេញពីផ្ទះចំនួន១០ខ្នងនៅ Berkeley Hills ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ានៅព្រឹកថ្ងៃអង្គារ។ ហើយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ថ្ម ភក់ និងកម្ទេចកម្ទីជាច្រើន បានហូរចាក់ទៅលើផ្លូវហាយវេក្នុងទីក្រុង Los Angeles និង Ventura។  ទន្ទឹមនោះ សេវាអាកាសធាតុជាតិបានចេញ ការព្រមានអំពីព្យុះរដូវរងា សម្រាប់តំបន់ភ្នំ ដោយព្យាករថា ការធ្លាក់ព្រិលភាគច្រើននឹងកើតឡើង៕  សម្រួលដោយ ទៀ បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង