សមយុទ្ធរួម រុស្ស៊ី-បេឡារុស កំពុងបង្កការភ័យខ្លាចដល់ប្រជាជននៅតំបន់ភាគខាងជើង អ៊ុយក្រែន
សមយុទ្ធរួមដែលបានគ្រោងទុករវាងកងកម្លាំងរុស្ស៊ី និងបេឡារុស កំពុងបង្កើនការព្រួយបារម្ភនៅតំបន់ Chernihiv ដែលជាតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស ។ ក្រសួងការពារជាតិនៃប្រទេសបេឡារុសបានប្រកាសថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាស្ដីពីការការពារធម្មជាតិប៉ុណ្ណោះ ចាប់ពីថ្ងៃចន្ទនេះដល់ថ្ងៃទី ១ ខែកុម្ភៈ ។ ពាក់ព័ន្ធនឹងសមយុទ្ធនេះដែរ ស្ត្រីជនជាតិអ៊ុយក្រែនវ័យ ៤០ ឆ្នាំម្នាក់បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំង ហើយលោកស្រីសង្ឃឹមថា កងកម្លាំងប្រទេសរបស់លោកស្រីនឹងការពារតំបន់ Chernihiv ដើម្បីកុំឲ្យកងកម្លាំងរុស្ស៊ីឆ្លងកាត់ព្រំដែនបេឡារុសចូលមកដែនដីអ៊ុយក្រែនម្តងទៀត ។ ចំណែកបុរសវ័យ ៧៤ ឆ្នាំម្នាក់បាននិយាយថា វាមិនសមហេតុផលសោះ ដែលប្រធានាធិបតីបេឡារុសលោក Alexander Lukashenko នឹងអនុញ្ញាតឲ្យកងកម្លាំងប្រទេសរបស់គាត់វាយប្រហារអ៊ុយក្រែន បន្ទាប់ពីផ្ទុះការលុកលុយរបស់រុស្ស៊ីលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។ អ្នកស្រុកមួយចំនួនត្រូវបានគេមើលឃើញថា កំពុងចាក់សាំងសម្រាប់រថយន្តរបស់ពួកគេនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងករណីដែលពួកគេត្រូវជម្លៀសចេញ ដោយសារពួកគេចង់ទៅទីតាំងដែលមានសុវត្ថិភាព ប្រសិនបើបេឡារុស និងរុស្ស៊ីបើកការវាយប្រហារណាមួយ ។ ក្រោយពីបានដឹងពីការធ្វើសមយុទ្ធរួមគ្នាតាមការគ្រោងទុកនៅលើបណ្ដាញសង្គមហើយ អ្នកស្រុកបានចាប់ផ្ដើមត្រៀមខ្លួនជាថ្មីម្ដងទៀត ដោយអ្នកខ្លះបានរៀបចំលិខិតឆ្លងដែនដាក់ក្នុងកាបូប រៀបចំសម្លៀកបំពាក់រដូវរងា ឆ្នាំងសាកទូរស័ព្ទ និងរបស់របរចាំបាច់មួយចំនួនទៀតផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី