ចោរឆក់ដៃឆើត២នាក់ អស់លក្ខណ៍ជាប់អន្ទាក់របស់ជនរងគ្រោះ

រាជធានីភ្នំពេញ៖ ​ជនសង្ស័យ២នាក់ត្រូវ​​បានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីរងគ្រោះម្នាក់​​បានសម្រេច​ តែត្រូវនារីជនរងគ្រោះ ជិះដេញតាមពីក្រោយរហូតដល់គោលដៅរបស់កម្លាំងកងរាជអាវុធហត្ថខណ្ឌចម្ការមន ក៏ជួយបានធ្វើអន្តរាគមន៍តែម្ដង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៧យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខផ្ទះប្រជាពលរដ្ឋនៅជាប់ផ្លូវបេតុង ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…។ ប្រភពពីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានមកអង្គុយចាំបុរសជាសង្សារនៅកន្លែងកើតហេតុ ដើម្បីមកយកទៅទិញអីញ៉ាំជាមួយគ្នា ភ្លាមៗនោះ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក HONDA Beat ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2121 បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចទៅកើត ខណៈពេលនោះ ជនសង្ស័យម្នាក់ បានចុះពីលើ​ម៉ូតូ ហើយបានធ្វើសកម្មភាពឆក់ ទូរសព្ទ iPhone12 Pro Max មួយគ្រឿងបានសម្រេច រួចរត់ឡើងលើម៉ូតូនាំគ្នាជិះគេចខ្លួនចេញទៅបាត់។  នារីរងគ្រោះ បានប្រាប់បន្តទៀតថា រហូតដល់ម៉ោង៧យប់ថ្ងៃដដែល នាងបានជិះដើររកជនសង្ស័យ រហូតមកដល់ចំណុចស្ពានព្រះមុន្នីវង្ស ប្រទះឃើញជនសង្ស័យ ក៏បានស្រែកថាចោរៗ ឱ្យប្រជាពលរដ្ឋជួយចាប់ រហូតមកដល់ចំណុចខាងមុខក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូលឿនរ៉េចង្កូតបុករថយន្តមួយគ្រឿង ម៉ាក តូយ៉ូតា ហាយឡែនឌើ បណ្តាលឱ្យដួល ក៏ត្រូវអាជ្ញាធរកងរាជអាវុធហត្ថប្រចាំការនៅក្បែរនោះឃាត់ខ្លួនបានតែម្ដង។ ជនសង្ស័យទី១ ឈ្មោះ អ៊ាន សំណាង ហៅអាប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង​ជនសង្ស័យទី២ ឈ្មោះ សំ រតនា ហៅអាជ្រូក អាយុ២៦ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្លូវ៣៥៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  ជាមួយគ្នានោះ កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងម៉ូតូធ្វើសកម្មភាព យកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចម្ការមន ដើម្បីសាកសួរ និងកសាងសុំណុំរឿងតាមនីតិវីធី។ បន្ថែមលើនេះ សមត្ថកិច្ច​ក៏បានអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ នៅពេលថ្ងៃ ឬពេលឈប់ ត្រូវចេះ​ថែរក្សា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ទុកដាក់ឱ្យបានស្រួលបួល ដើម្បីការពារសុវត្ថិភាព ពីក្រុមចោរឆក់ទាំងនោះ…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង