អាជ្ញាធរសម្រេចបើកទ្វារទឹកស្វ័យប្រវត្តិចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ ក្រោយធ្លាក់ភ្លៀងខ្លាំងប៉ុន្មានថ្ងៃជាប់គា្ន

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសបើកទ្វារទឹកស្វ័យប្រវត្តិទំនប់អាងទឹកអន្លង់ជ្រៃ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ ព្រោះកម្រិតកម្ពស់ទឹកឡើងកាន់តែខ្ពស់។រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកម្ពស់ទឹក នៃទំនប់អាងទឹកអន្លង់ជ្រៃស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តម្រូវឱ្យអាជ្ញាធរបើកទ្វារទឹកស្វ័យប្រវត្តិ ចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។ ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ស្របជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា៖ «ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ»៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង